[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណីតរបស់អង់គ្លេស Bentley បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន នៅឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរដែលបានគ្រោងទុក របស់ក្រុមហ៊ុន Bentley ទៅជាក្រុមហ៊ុនផលិតតែរថយន្តអគ្គិសនីសុទ្ធ នៅឆ្នាំ ២០៣០។
មិនតែប៉ុណ្ណោះ Bentley ក៏បានប្តេជ្ញាក្នុងការវិនិយោគលុយ ២,៥ ពាន់លានផោន (៣,៤ ពាន់លានដុល្លារ) ដើម្បីរក្សានិរន្តរភាពក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយផងដែរ។
ក្រុមហ៊ុនផលិតរថយន្តខាងលើបានបន្ថែមទៀតថា ខ្លួននឹងកំណត់រចនាសម្ព័ន្ធរោងចក្រ ចក្រភពអង់គ្លេសរបស់ខ្លួន ក្នុងទីក្រុង Crewe ដើម្បីសាងសង់រថយន្តថ្មី។ ទោះជាយ៉ាងណាក៏ដោយ វាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ថាតើរថយន្តអគ្គិសនីដំបូងបង្អស់របស់វានឹងមានទម្រង់បែបណា។
យ៉ាងណាមិញ កាលពីដើមខែកន្លងទៅនេះ Bentley បាននិយាយថា ខ្លួនបានឈានដល់កំណត់ត្រាមួយនៅឆ្នាំ ២០២១ ខណៈដែលការលក់ទូទាំងពិភពលោកបានកើនឡើង ៣១ ភាគរយ ចំពេលមានតម្រូវការខ្លាំងសម្រាប់រថយន្តទំនើបៗ៕