ទោះបីជាកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show បានរំសាយចោលមែន ប៉ុន្តែ Bentley នៅបន្តការបង្ហាញចេញរថយន្តថ្មីរបស់ខ្លួនតាមរយៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិត ជាមួយម៉ូដែល Mulliner Bacalar ជាម៉ូដែលផលិតមានចំនួនកំណត់។
ចំណុចពិសេសនៃរថយន្តនេះគឺមានការប្រើប្រាស់ឈើអាយុកាលជាង ៥ ពាន់ឆ្នាំមកពីតំបន់ Riverwood នៃចក្រភពអង់គ្លេស មកព័ន្ធជុំវិញតាប្លូនៃរថយន្ត អមដោយកៅអីអង្គុយដែលដេរដោយសរសៃអំបោះ ១៤៨ ១៩៩ សរសៃ ធ្វើឲ្យរថយន្តនេះកាន់តែពិសេស។
រថយន្ត Bacalar នេះដែរ ដំណើរការដោយម៉ាស៊ីន ៦,០ លីត្រ Twin-Turbo មាន ១២ ស៊ីឡាំង ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន។ ម៉ាស៊ីនវាអាចបង្កើតកម្លាំងបាន ៦៥០ សេះ ដែលខ្លាំងលើសម៉ាស៊ីនលើ Continental GT ចំនួន ២៤ សេះ។
ការផលិតរថយន្ត Bacalar នេះគឺមានកំណត់ត្រឹម ១២ គ្រឿងប៉ុណ្ណោះ ដោយរថយន្តនីមួយៗគឺសុទ្ធតែមានម្ចាស់រួចហើយ ត្បិតថាមួយគ្រឿងៗមានតម្លៃថ្លៃដល់ខ្ទង់ ២ លានដុល្លារក្ដី៕