កាលពីសប្តាហ៍មុន ក្រុមហ៊ុន Bentley បានបង្ហាញចេញនូវរថយន្ត Continental GT Speed ស៊េរីថ្មីរបស់ខ្លួន។ ជាមួយនឹងម៉ាស៊ីនទំហំ ១២ស៊ីឡាំង (W12) ចំណុះ ៦,០លីត្រ មានកម្លាំង ៦៥០ សេះ Speed នេះ គឺជាម៉ូដែលខ្លាំងបំផុតក្នុងត្រកូល Continental GT។
ប៉ុន្តែដោយសារតែក្រុមហ៊ុន Bentley បានដាក់គោលដៅក្លាយជាម៉ាករថយន្តអគ្គិសនីចាប់ពីឆ្នាំ ២០៣០ ហើយម្ចាស់ភាគហ៊ុន Volkswagen ក៏នឹងបញ្ឈប់ការផលិតម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងឥន្ធនៈ) វាទំនងជា រថយន្ត Continental GT Speed អាចដើរតួជាម៉ូដែលចុងក្រោយបង្អស់សម្រាប់ម៉ាស៊ីន W12 ជាទីស្រលាញ់របស់ Bentley។
ទោះជាយ៉ាងណាក៏ដោយ លោក Adrian Hallmark ដែលជា CEO ក្រុមហ៊ុន Bentley បាននិយាយថា “ខ្ញុំនឹងមិនទាន់ហៅវាថាជាម៉ូដែលចុងក្រោយឡើយ។ វាជាចំណុចកំពូលនៃយីហោរបស់យើង ហើយវាជាគ្រឹះរបស់ Continental GT។ វាជាម៉ាស៊ីនស្អាតបំផុតដែលយើងបានផលិត ហើយជាមួយនឹងការកែលម្អជាបន្តបន្ទាប់ វានឹងមានអ្វីជាច្រើនទៀតដែលត្រូវធ្វើ ជាមួយម៉ាស៊ីន ១២ស៊ីឡាំងនេះ”។
យ៉ាងណាក៏ដោយ លោក Hallmark បានច្រានចោលនូវលទ្ធភាពនៃការផលិតម៉ាស៊ីន Plug-in Hybrid ជាមួយ W12 ដោយសារតែទម្ងន់បន្ថែម នឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការ និងសក្ដានុពលនៃការបើកបរ។
លោក Hallmark មិនបានបញ្ជាក់ពីរបៀបដែលខ្លួនគ្រោងការពារ ម៉ាស៊ីន ១២ស៊ីឡាំង (W12) នោះទេ ប៉ុន្តែវាចាំបាច់ត្រូវតែដំណើរការជាមួយប្រព័ន្ធអគ្គិសនីតាមទម្រង់ណាមួយ ដើម្បីធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាព និងនៅតែស្ថិតក្នុងផលិតកម្ម លើសពីឆ្នាំ ២០២៦៕