Bentley ជោគជ័យខ្លាំងនឹងការលក់ឡាននៅចិន

ក្រុមហ៊ុន Bentley បានប្រកាសអំពីកំណត់ត្រាថ្មីសម្រាប់ឆមាសទី១នៃឆ្នាំ២០២១នេះ ដោយអាចបំបែកកំណត់ត្រាទាំងលើការលក់ និងកំណត់ត្រាសម្រាប់ប្រាក់ចំណេញផងដែរ។

អំឡុងពេល៦ខែនេះ ក្រុមហ៊ុនអាចលក់រថយន្តបានរហូតដល់ ៧ ១៩៩គ្រឿង ដោយក្នុងនោះទីផ្សារប្រទេសចិនបានក្លាយជាទីផ្សារធំជាងគេរបស់ក្រុមហ៊ុនជាលើកដំបូង ក្រោយការបង្ហាញវត្តមានលើទីផ្សារនេះរយៈពេលជិត១០ឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលលក់ដាច់ជាងគេគឺ Bentayga ដែលអាចលក់បានរហូតដល់ ២ ៧៦៦គ្រឿង នាំមុខរថយន្ត Continental GT ជាមួយចំនួនលក់ ២ ៣១៨គ្រឿង និងរថយន្ត Flying Spur ដែលលក់បាន ២ ០៦៣គ្រឿង។

ប្រាក់ចំណូលរបស់ Bentley ក្នុងពេល៦ខែដំបូងនេះគឺមានចំនួន ១,៣ពាន់លានអឺរ៉ូ ធៀបនឹងចំណូល ៨៣៤,៨លានអឺរ៉ូ កាលពីឆ្នាំ២០១៩។ ក្នុងនោះដែរក្រុមហ៊ុនទទួលបានប្រាក់ចំណេញចំនួន ១៧៨លានអឺរ៉ូ ផងដែរ ដែលជាប្រាក់ចំណូល និងប្រាក់ចំណេញច្រើនបំផុតមិនធ្លាប់មាន។

ខណៈដែលចិនជាទីផ្សារធំដែលលក់ចេញរថយន្តបាន ២ ១៥៥គ្រឿងនោះ សហរដ្ឋអាមេរិកក៏នៅមិនឆ្ងាយដែរជាមួយចំនួនលក់ ២ ០៤៩គ្រឿង ហើយបន្ទាប់មកគឺទីផ្សារអឺរ៉ុបលក់បាន ១ ១៤២គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម