Bentley តាំងខ្លួនថាជាម៉ាកឡានប្រណីតដែលជួយបរិស្ថានខ្លាំងជាងគេលើលោក

[ទីផ្សារបរទេស] បន្ថែមពីលើការប្រកាសចេញរថយន្តជួយដល់បរិស្ថានដូចជា Bentayga Hybrid និង Flying Spur Hybrid ក្រុមហ៊ុន Bentley បានបញ្ចេញភ័ស្តុតាងថ្មីបន្ថែមទៀត ដើម្បីបង្ហាញថាខ្លួនគឺជាក្រុមហ៊ុនរថយន្តប្រណីតដែលជួយដល់បរិស្ថានខ្លាំងជាងគេលើលោក។

ក្រុមហ៊ុនរថយន្តប្រណីតនេះនិយាយថាឆ្នាំ២០២១ បើធៀបទៅនឹងឆ្នាំ២០២០ គឺជាឆ្នាំដែលក្រុមហ៊ុនបានកាត់បន្ថយការប៉ះពាល់ដល់​បរិស្ថានបានច្រើនបំផុត។ ក្នុងនោះរោងចក្រ Crewe ដែលមានមូលដ្ឋាននៅចក្រភអង់គ្លេសរបស់ក្រុមហ៊ុននេះ បានប្រើប្រាស់ទឹកតិចជាងមុន ២៦% ដោយសារតែការបំពាក់ធុងត្រងទឹកទំហំជាង ២ពាន់លីត្រ និងវិធីសាស្ត្រកែច្នៃទឹកប្រើប្រាស់ឡើងវិញ។ ទន្ទឹមនឹងនោះដែរការថយចុះនៃការប្រើប្រាស់ទឹកអំឡុងពេលដែលបុគ្គលិកធ្វើការពីផ្ទះក្នុងសម័យកាលកូវីដ១៩ ក៏ជាចំណែកជួយកាត់បន្ថយមួយដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះដែរ Bentley ក៏បានលើកឡើងអំពី​រោងចក្រ Pyms Lane ដែលបានកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបានចំនួន ៧០% ផងដែរ។ នៅរោងចក្រនេះ Bentley បានប្ដូរមកប្រើឧស្ម័នបៃតង និងផូសីលជីវៈ លើរថយន្តដឹកជញ្ជូនក្នុងរោងចក្រ និងការប្រមូលថាមពល​មកពីផ្ទាំងសូឡារផងដែរ។ ផ្ទាំងសូឡារនេះក៏មានគម្រោងថាបង្កើនឲ្យច្រើនជាងមុនផងដែរ ដែលបច្ចុប្បន្នមានចំនួន ៣១ ៥០០បន្ទះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម