កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអង់គ្លេស Bentley បានបញ្ចេញរថយន្តប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid ដំបូងបង្អស់របស់ខ្លួន គឺ Bentayga Hybrid។
រថយន្ត SUV ដ៏ប្រណីតនេះ ស្រដៀងទៅនឹងរថយន្ត Porsche Panamera E-Hybrid អីចឹង ដោយបំពាក់ម៉ាស៊ីនចំណុះ ៣,០ លីត្រ Turbo ទំហំ ៦ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៩៤ គីឡូវ៉ាត់ម៉ោង ព្រមទាំងអាគុយទំហំ ១៣ គីឡូវ៉ាត់ ដែលបង្កើតកម្លាំងបាន ៤៤៣ សេះ ហើយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,២ វិនាទិប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ វាអាចបើកបរបានចម្ងាយ ៥០ គីឡូម៉ែត្រដោយប្រើអគ្គិសនីសុទ្ធ ហើយបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ត្រឹមតែ ៧៥ ក្រាមប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ នៅពេលដំណើរការទាំងម៉ាស៊ីនធម្មតា និងម៉ូទ័រអគ្គិសនី។
Bentayga Hybrid នឹងចំណាយពេល ៧,៥ ម៉ោង ដើម្បីសាកភ្លើងឲ្យពេញ ប៉ុន្តែបើប្រើបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Quick-Charger នោះត្រូវប្រើពេលតែ ២,៥ ម៉ោងប៉ុណ្ណោះ។ វាផ្តល់ជម្រើសបើកបរ E Modes ចំនួន ៣ គឺ EV Drive , Hybrid និង Hold ដើម្បីគ្រប់គ្រងការប្រើប្រាស់ថាមពលថ្ម៕
សូមបញ្ជាក់ថា រថយន្ត SUV ដ៏ទំនើប និងកម្លាំងខ្លាំងខាងលើនេះ មានតម្លៃចាប់ពី ១៥៦ ៩០០ ដុល្លារលើទីផ្សារបរទេស៕