ក្រុមហ៊ុន Bentley បានបន្ថែមម៉ូដែលទី៥ ក្នុងត្រកូលរថយន្តប្រណីតរបស់ខ្លួន ដោយបានបញ្ចេញម៉ូដែល Bentayga Extended Wheelbase (តួវែង) ថ្មី។
រថយន្ត Bentley Bentayga Extended Wheelbase (EWB) នេះ បានបន្ថែមប្រវែងពីកង់មុខទៅកង់ក្រោយ ១៨០មីល្លីម៉ែត្រ ពី ២ ៩៩៥ម៉ែត្រ ទៅ ៣ ១៧៥មីល្លីម៉ែត្រ។ ប្រវែងតួវែងជាងមុននោះ គឺបានទៅលើកាប៊ីនខាងក្រោយទាំងអស់ ដែលធ្វើឲ្យកៅអីខាងក្រោយ កាន់តែទូលាយ ប្រណីត និងទំនើបជាងមុន។
ក្រុមហ៊ុន Bentley ក៏អះអាងថា កៅអី Bentley Airline Seat លើរថយន្តតួវែងរបស់ខ្លួន គឺ ជាកៅអីដែលទំនើបបំផុតលើរថយន្ត ព្រោះតែមាន option ច្រើនរាប់មិនអស់ ដែលអាចចុចបញ្ជាបានតាមរយៈ touchscreen ដោយក្នុងនោះរួមមានទាំង ការសារ៉េផ្តេក ៤០ដឺក្រេ អនុញ្ញាតឲ្យអ្នកអង្គុយក្រោយអាចដេកបាន ព្រមទាំងមានបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ថ្មី ហៅថា climate sensing technology ទៀតផង។
ក្រៅពីនោះ វាក៏មានមុខងារបញ្ចេញខ្យល់ក្តៅ-ត្រជាក់ ហើយវាថែមទាំងមានសេនស័រដើម្បីវាស់សម្ពាធ និងធ្វើការសារ៉េកៅអីតិចតួច ឲ្យត្រូវជាមួយនឹងការអង្គុយ ឲ្យកាន់តែមានផាសុកភាពទៀតផង។
រថយន្ត Bentley Bentayga Extended Wheelbase (EWB) នៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ៤,០លីត្រ V8 មានកម្លាំង ៥៤២សេះ និងកម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
យ៉ាងណាមិញ តម្លៃនៃរថយន្ត Bentley Bentayga Extended Wheelbase (EWB) ថ្មីនេះ នឹងត្រូវប្រកាសនាពេលជិតចេញលក់ជាផ្លូវការ នាចុងឆ្នាំ២០២២ នេះតែម្តង៕