[ទីផ្សារបរទេស] រថយន្ត Bentley Flying Spur ជំនាន់ទីបី បានបង្ហាញវត្តមានកាលពីពាក់កណ្ដាលឆ្នាំ២០១៩ សម្រាប់ម៉ូដែលឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះ Bentley បានណែនាំប្រភេទផ្សេងៗគ្នាដូចជា Flying Spur Hybrid និង Flying Spur S ជាដើម ហើយពេលនេះ Flying Spur Speed ក៏បានបង្ហាញវត្តមានជាផ្លូវការផងដែរ។
Flying Spur Speed នឹងជារថយន្តតែមួយប្រភេទគត់ដែលមានបំពាក់ម៉ាស៊ីន១២ស៊ីឡាំង (W12) របស់ Bentley បន្ទាប់ពីក្រុមហ៊ុនបានសម្រេចដកម៉ាស៊ីន១២ស៊ីឡាំង ចេញពី Flying Spur ជាស្តង់ដារកាលពីដើមឆ្នាំកន្លងទៅ។
ម៉ាស៊ីន ១២ស៊ីឡាំង លើ Flying Spur Speed គឺជាប្រភេទ Twin-Turbocharged ចំណុះ៦,០លីត្រ អាចផលិតកម្លាំងបាន ៦២៦សេះ និងមានកម្លាំងរង្វិល ៩០០ញ៉ូវតុនម៉ែត្រ។ ថាមពលរបស់វាត្រូវបានបញ្ជូនតាមរយៈប្រអប់លេខ ZF ចំនួន៨វគ្គ ដែលអាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៣,៧វិនាទី និងមានល្បឿនអតិបរមា ៣៣៣គ.ម/ម៉។
Bentley បានកែសម្រួលរូបរាងលើប្រភេទ Speed ជាមួយការបំពាក់យ៉ាន់កង់ទំហំ ២២អ៊ីញដែលមានជម្រើសពណ៌ខ្មៅរលោង, ពណ៌ខ្មៅងងឹត ឬពណ៌ប្រាក់។ Bentley ក៏បានបន្ថែមរចនាបថពណ៌ខ្មៅលើផ្ទាំងប៉ាណាមុខ, លើអំពូលភ្លើង, លើផ្លាករថយន្ត និងលើភ្លើងស្តុបក្រោយផងដែរ។
ជាមួយ Flying Spur Speed នេះ Bentley បានបង្ហាញក្ដីរំពឹងថាវានឹងមានចំណែក ១ភាគ៣ នៃការកុម្ម៉ង់របស់ត្រកូល Flying Spur នៅលើទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈដែលនៅលើទីផ្សារមជ្ឈឹមបូព៌ា រំពឹងថានឹងមានចំណែក ១ភាគ៥៕