[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Bentley បានប្រកាសពីគម្រោងក្នុងការបង្ហាញរថយន្តអគ្គិសនីចំនួន ៥ ម៉ូដែល ហើយឥឡូវនេះនាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអង់គ្លេសខាងលើ គឺលោក Adrian Hallmark បានបង្ហាញព័ត៌មានលម្អិតមួយចំនួនអំពីវាហើយ។
ថ្លែងទៅកាន់សារព័ត៌មាន Autocar លោក Hallmark បាននិយាយថា រថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន នឹងចាប់ផ្តើមសាកល្បងនៅចុងឆ្នាំ ២០២២ នេះ។ លោកបានបន្ថែមថា ការរចនាផ្នែកខាងក្រៅ គឺប្រហែល ៨០-៨៥% រួចរាល់ហើយ ខណៈដែលក្រុមហ៊ុនមានការងារមួយចំនួនទៀតដែលត្រូវធ្វើ ដើម្បីកែលម្អបន្ថែមទៀតនូវអ្វីដែលបានសម្រេចចិត្តរួចហើយ។
ជាមួយគ្នានេះដែរ ផ្នែកខាងក្នុងនៃរថយន្តអគ្គិសនីដំបូងបង្អស់របស់ Bentley ក៏បានរួចរាល់ ៩៥% ហើយវានឹងផ្តោតខ្លាំងទៅលើភាពប្រណីត។
យ៉ាងណាមិញ ថ្វីបើលោក Hallmark មិនបានបញ្ជាក់ និងបកស្រាយពីពាក្យចចាមអារ៉ាមដែលនិយាយថា រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Bentley នឹងជាប្រភេទ Crossover លោកបានបង្ហើបថា វានឹងមានការឌីហ្សាញពិសេស ជាងការរចនាបច្ចុប្បន្ន៕
ប្រភព ៖ carscoops