ក្រុមហ៊ុន BMW គ្រោងនឹងបង្កើនត្រកូលរថយន្តអគ្គិសនីរបស់ខ្លួន ដោយការបន្ថែមរថយន្តអគ្គិសនីជាច្រើនម៉ូដែលថែមទៀត នៅក្នុងពេលអនាគត។
ថ្លែងទៅកាន់កាសែតអាល្លឺម៉ង់ ឈ្មោះ Augsburger Allgemeine នាយកប្រតិបត្តិក្រុមហ៊ុន BMW លោក Oliver Zipse មានប្រសាសន៍ថា ក្រុមហ៊ុនផលិតរថយន្ត BMW ចង់ឲ្យរថយន្តរបស់ខ្លួនប្រមាណ ២០ ភាគរយ ប្រើថាមពលអគ្គិសនីត្រឹមឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងប្រមាណ ៨ ភាគរយនៅឆ្នាំនេះ។
“យើងកំពុងបង្កើនចំនួនយានយន្តអគ្គិសនី។ នៅចន្លោះឆ្នាំ ២០២១ និង ២០២៣ យើងនឹងផលិតរថយន្តអគ្គិសនីចំនួន ២៥០ ០០០ គ្រឿង ច្រើនជាងផែនការដែលបានគ្រោងទុក”។ នេះបើតាមសម្តីលោក Zipse។
ទោះជាយ៉ាងណា Zipse បានសារភាពថា ដើម្បីឲ្យក្រុមហ៊ុន BMW សម្រេចផែនការរថយន្តអគ្គិសនីនេះបាន ហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងសាកភ្លើងចាំបាច់ត្រូវកែលម្អ។
“ស្ថានីយសាកភ្លើងឯកជនចំនួន ១៥ ០០០ កន្លែង និង សាធារណៈប្រហែល ១ ៣០០ កន្លែងទៀត នឹងត្រូវដាក់ឲ្យដំណើរការជារៀងរាល់សប្តាហ៍គិតត្រឹមថ្ងៃនេះ។ ជាអកុសល យើងនៅឆ្ងាយពីផែនការនេះណាស់”។ លោក Zipse បញ្ជាក់ប្រាប់ Reuters បន្ថែម៕