ក្រុមហ៊ុន BMW និង Mercedes បានក្លាយជាក្រុមហ៊ុនរថយន្តបន្ថែមទៀតដែលបានសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីតាំងបង្ហាញផលិតផលបច្ចេកវិទ្យា CES ឆ្នាំក្រោយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ BMW បាននិយាយថាពួកគេនឹងផ្ទេររាល់ផែនការផ្សព្វផ្សាយទាំងអស់សម្រាប់កម្មវិធី CES ទៅកាន់កម្មវិធីផ្សាយផ្ទាល់បែបឌីជីថលសុទ្ធ ដែលនឹងផ្សាយចេញពីប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៥ ខែមករា។ BMW បាននិយាយថាការផ្សាយផ្ទាល់នេះនឹងមានបង្ហាញអំពីរូបរាងរថយន្ត iX M60 រួមជាមួយការសហការជាមួយសិល្បករដ៏ល្បីក្នុងពិភពលោកថែមទៀតផង។
ក្រៅពី BMW ក្រុមហ៊ុន Mercedes ក៏បានរំសាយចោលការចូលរួមកម្មវិធី CES ផងដែរ ដោយលើកឡើងថាពួកគេគិតគូរជាចម្បងពីសុខភាព សុវត្ថិភាពអតិថិជន ដៃគូពាណិជ្ជកម្ម បុគ្គលិក និងភ្ញៀវដែលចូលរួម។
កន្លងមកនេះមានក្រុមហ៊ុនជាច្រើនហើយដែលបានដកខ្លួនចេញពីកម្មវិធី CES ដែលរួមមាន GM, Waymo, Amazon, AMD, Intel និង Microsoft ផងដែរ៕