[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានធ្វើការសង្កេតយ៉ាងដឹតដល់លើទីផ្សាររថយន្តអគ្គិសនី ហើយពេលនេះក្រុមហ៊ុនជឿជាក់ថាអំណាចរបស់ Tesla លើទីផ្សាររថយន្តអគ្គិសនីគឺបានសាបរលាបហើយ។
ជាច្រើនឆ្នាំមកហើយដែល Tesla ឈានមុខគេលើរថយន្តអគ្គិសនី និងតែងតែលក់រថយន្តបានច្រើនជាងគូប្រជែង។ នៅឆ្នាំនេះដែរ BMW មានគម្រោងថានឹងលក់រថយន្តអគ្គិសនីឲ្យបាន ២០ម៉ឺនគ្រឿង កើនឡើងលើសឆ្នាំមុនពីរដង ហើយវាគឺជាផ្នែកមួយនៃផែនការធ្វើយ៉ាងណាឲ្យរថយន្តដែលក្រុមហ៊ុនលក់លើទីផ្សារ មានយ៉ាងតិច ៥០% ជារថយន្តអគ្គិសនីសុទ្ធ ដែលផែនការគ្រោងសម្រេចឲ្យបានត្រឹមឆ្នាំ២០៣០។
ពេលនិយាយជាមួយ Auto News នៅក្នុងកម្មវិធីសន្និសីទកាសែតនៅទីក្រុងញ៉ូវយក នាយកផ្នែកលក់របស់ BMW Group បានទទួលស្គាល់ថា Tesla មានចំណុចទាក់ទាញមួយដែលអាចលក់រថយន្តបានច្រើន ប៉ុន្តែពេលនេះលែងដូចមុនទៀតហើយ។
ទោះយ៉ាងណាបើតាមតួលេខចុះបញ្ជីរថយន្តនៅសហរដ្ឋអាមេរិក បង្ហាញថា BMW នៅចាញ់ប្រៀប Tesla នៅរយៈពេលដើមឆ្នាំ២០២២នេះ ដោយពីរខែដំបូង Tesla លក់រថយន្តបាន ៧១ ២៥០គ្រឿង ខណៈដែល BMW លក់រថយន្តបាន ៥៤ ២១០គ្រឿង។
ដើម្បីប្រកួតប្រជែងនឹង Tesla ផងដែរនោះ BMW បានប្រកាសចេញរថយន្តអគ្គិសនីសុទ្ធម៉ូដែល i4 និង iX ហើយក៏ត្រៀមនឹងប្រកាសចេញរថយន្ត i7 ឆាប់ៗផងដែរ។ នៅឆ្នាំ២០២៣ខាងមុខ BMW នឹងពង្រីកបន្ថែមជាមួយការប្រកាសចេញរថយន្តអគ្គិសនីនៃម៉ូដែល 5-Series រួមទាំងរថយន្ត Mini Countryman ប្រភេទអគ្គិសនីថែមទៀតផង៕