
ក្រុមហ៊ុន BMW ត្រូវបានគេដឹងថា គ្រោងពង្រីកបន្ថែមម៉ាស៊ីនសាំង ទៅលើរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ឬហៅថា EREV នាពេលខាងមុខនេះ ដើម្បីបង្កើនចម្ងាយបើកបរ ជាពិសេសដើម្បីចូលរួមប្រជែងក្នុងទីផ្សារចិន។
ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់នេះ អាចនឹងបំពាក់ EREV លើរថយន្តអគ្គិសនីដូចជា BMW i7 ដែលជាប្រភេទស៊ីដេន និង iX5 ដែលជាប្រភេទ SUV។ នេះបើយោងតាមប្រភពសារព័ត៌មាន Bloomberg។

រថយន្តអគ្គិសនី BMW ទាំងពីរនេះ គឺអាចដាក់បន្ថែមនូវម៉ាស៊ីនសាំងបាន ដោយមិនចាំបាច់ត្រូវរុះរើប្រព័ន្ធម៉ាស៊ីនរថយន្តដែលមានស្រាប់នោះទេ។ បើសិនព័ត៌មាននេះជាការពិត BMW នឹងក្លាយជាក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ទី១ ដែលផ្តល់បច្ចេកវិទ្យា EREV នេះ។
មិនខុសពីក្រុមហ៊ុនអឺរ៉ុបដទៃឡើយ ការលក់រថយន្តនៅក្នុងប្រទេសចិន របស់ BMW បានធ្លាក់ចុះជាលំដាប់ ដោយសារតែពិបាកប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្នុងស្រុកចិន ដែលមានតម្លៃធូរថ្លៃ ហើយបំពាក់បច្ចេកវិទ្យាថ្មីៗទៀត ជាពិសេសប្រភេទម៉ាស៊ីន EREV នេះតែម្តង៕
























