BMW យកឈ្នះ Mercedes ក្លាយជាម៉ាកប្រណីតកំពូលប្រចាំអាមេរិក

BMW បាន​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​ប្រណីត​អាច​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​នៅ​អាមេរិក​ ដោយ​បិទ​បញ្ចប់​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​ ៣២៤ ៨២៦ គ្រឿង។

ចំនួន​លក់​មាន​កំណើន ៤,៤% បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ហើយ​ BMW បាន​លើក​ឡើង​ថា​កើន​ឡើង​ដោយ​សារ​ម៉ូដែល X3, X5 និង X7។ ក្រុមហ៊ុន​បាន​បញ្ជាក់​ដែរ​ថា​ 3-Series ជំនាន់​ថ្មី គឺ​ជា​រថយន្ត Sedan ដ៏​ខ្លាំង​ក្លា​មួយ​ អាច​លក់​បាន​ចំនួន​ច្រើន។

ពាណិជ្ជកម្ម

តួ​លេខ​បាន​បង្ហាញ​ថា​ចំនួន​លក់​ប្រភេទ​រថយន្ត​តួ​ខ្ពស់​របស់ BMW បាន​កើន​ឡើង ៣៥,៥% ធៀប​នឹង​ឆ្នាំ ២០១៨ ចំណែក​រថយន្ត​តួ​ទាប​វិញ​បាន​ធ្លាក់​ចុះ ១៤,៤%។

Mercedes នៅ​មិន​ឆ្ងាយ​ពី BMW ប៉ុន្មាន​នោះ​ទេ ដោយ​លក់​រថយន្ត​បាន ៣១៦ ០៩៤ គ្រឿង​នៅ​ឆ្នាំ ២០១៩។ ធៀប​នឹង​ឆ្នាំ ២០១៨ ចំនួន​លក់​គឺ​មាន​ការ​កើន​ឡើង​ត្រឹម​តែ ១៣៥ គ្រឿង​ប៉ុណ្ណោះ។

លេខ​បី​គឺ Lexus ដែល​អាច​លក់​រថយន្ត​បាន​ ២៩៨ ១១៤ គ្រឿង (ថយ​ចុះ ០,១%)។ ទី​បួន​គឺ​ Audi ដែល​កើន​ចំនួន​លក់​ ០,៤% អាច​លក់​បាន​ ២២៤ ១១១ គ្រឿង ហើយ​ទី​ប្រាំ​គឺ​ម៉ាក​រថយន្ត​ប្រណីត​របស់​ជប៉ុន​​ Acura ដែល​លក់​រថយន្ត​បាន ១៥៧ ៣៨៥ គ្រឿង ថយ​ចុះ ១%៕

Sponsored