ការរឹតបន្តឹងលើច្បាប់បញ្ចេញឧស្ម័នពុលនៅអង់គ្លេសបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តភាគច្រើនពិបាកនឹងសម្របខ្លួនតាម ដែលនាំឲ្យមានម៉ាកសញ្ញាជាច្រើនបាននាំគ្នាកាត់បន្ថយជម្រើសម៉ាស៊ីនម៉ាស៊ូតចេញពីស៊េរីរថយន្តរបស់ខ្លួន។
ឧទាហរណ៍ជាក់ស្ដែងចុងក្រោយបំផុតមួយគឺក្រុមហ៊ុន BMW ដែលក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការលក់រថយន្ត 2-Series Coupe និង 2-Series Convertible ជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូត នៅលើទីផ្សារអង់គ្លេស។ រថយន្តពីរប្រភេទនេះនឹងមានតែជម្រើសម៉ាស៊ីនសាំងប៉ុណ្ណោះ ដោយមានជម្រើសម៉ាស៊ីន ១,៥លីត្រ ដល់ម៉ាស៊ីន ៣,០លីត្រ។
មិនមែនតែរថយន្តពីរប្រភេទខាងលើនោះទេដែលរងការប៉ះពាល់ នៅមានរថយន្ត X5, X6 និង X7 ក៏ត្រូវបានបំបាត់ចោលនូវជម្រើសម៉ាស៊ីនម៉ាស៊ូត M50d ផងដែរ។ ម៉ាស៊ីនម៉ាស៊ូតនេះមានចំណុះ ៣,០លីត្រ ជាប្រភេទ Quad-Turbocharged ដែលអាចផលិតកម្លាំងបាន ៣៩៤សេះ និងអាចស្ទុះពី ០-១០០គ.ម/ម៉ ដោយប្រើពេល ៥,២វិនាទី៕