ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្តអគ្គិសនី i4 eDrive40 ថ្មី ដែលនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៥៥ ៤០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
BMW i4 eDrive40 បំពាក់ម៉ូទ័រអគ្គិសនីមួយនៅប៉ុងខាងក្រោយ ដែលបង្កើតកម្លាំងបាន ៣៣៥សេះ ហើយប្រើអាគុយទំហំ ៨១,៥គីឡូវ៉ាត់ម៉ោង និងប្រអប់លេខ ១វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៨៩គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬប្រហែល ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
មិនតែប៉ុណ្ណោះ រថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីនេះ ក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដល់ ២០០គីឡូវ៉ាត់ដែរ មានន័យថា វាអាចសាកបាន ៩០ម៉ាយ៍ ឬប្រហែល ១៤៥គីឡូម៉ែត្រ ប្រើពេលត្រឹម ១០នាទីប៉ុណ្ណោះ។
រថយន្ត i4 eDrive40 បំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័រឌីជីថលទំហំ ១៤,៩អ៊ីញ លើកញ្ចក់កោងតែមួយរួមគ្នា ហើយដំណើរការដោយប្រព័ន្ធ BMW iDrive 8។ វាក៏មានកុងទ័របាញ់លើកញ្ចក់ និងគាំទ្រមុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែទៀតផង។
គួរឲ្យដឹងថា រថយន្ត BMW i4 eDrive40 ថ្មីនេះក៏មានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត២ ដោយក្នុងនោះរួមមានទាំងមុខងារ Active Cruise Control ជាមួយ Stop & Go function, មុខងារ Speed Limit Assist, ប្រព័ន្ធ Driving Assistance Professional ដែលប្រើកាមេរ៉ាមុខ ៣គ្រាប់, រ៉ាដាខាងមុខមួយគ្រាប់ និង ចំហៀង ៤គ្រាប់ដែលប្រើសម្រាប់មុខងារ Steering and Lane Control Assistant៕