រថយន្តអគ្គិសនីកំពុងក្លាយជារឿងធម្មតាមួយ ហើយជាមួយនឹងការរីកលូតលាស់នៃរថយន្តអគ្គិសនី ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងសម្លឹងរកមើលអ្វីដែលអាចធ្វើទៅបាន តាមរយៈម៉ូដែលថ្មីរបស់ពួកគេ។ ទោះជាយ៉ាងណា ក្រុមហ៊ុន BMW មិនមានគម្រោងផលិតរថយន្តអគ្គិសនី ដែលមានចម្ងាយបើកបរលើសពី ៣៩៣ម៉ាយ៍ ឬ ៦០០គីឡូម៉ែត្រនោះទេ។
ខណៈពេលនិយាយជាមួយកាសែតអូស្រ្តាលី Which Car ប្រធានគម្រោង BMW i4 លោក David Ferrufino បាននិយាយថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកភ្លើងនៅជុំវិញពិភពលោក មានន័យថា BMW មិនចាំបាច់ផលិតរថយន្តអគ្គិសនីដែលមានចម្ងាយបើកបរឆ្ងាយ ដូចគូប្រជែងនោះទេ។
លោក Ferrufino បាននិយាយថា “ចម្ងាយបើកបរមួយពាន់គីឡូម៉ែត្រ មិនមែនជាគោលដៅដែលយើងមានជាមួយរថយន្តប្រើថាមពលអគ្គិសនីរបស់យើងទេ។ យើងកំពុងកំណត់គោលដៅចម្ងាយ ៦០០ គីឡូម៉ែត្រ សម្រាប់រថយន្តប្រើថាមពលអគ្គីសនីរបស់យើង និង ១០០ គីឡូម៉ែត្រជាមួយរថយន្ត plug-in hybrid ក្នុងការបើកបរប្រចាំថ្ងៃ”។
លោក Ferrufino បានបន្ថែមទៀតថា ចម្ងាយបើកបររបស់រថយន្ត BMW គឺអាស្រ័យលើផ្នែកដែលវាប្រកួតប្រជែង។
“ឧទាហរណ៍ យើងមិនគិតថាចម្ងាយ ៦០០ គីឡូម៉ែត្រនឹងសមស្របសម្រាប់រថយន្ត BMW i3 ជារថយន្តទីក្រុងនោះទេ ប៉ុន្តែនៅពេលនិយាយអំពី BMW iX ឬ i4 យើងគិតថាចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ គឺជាដំណោះស្រាយដែលអតិថិជនពេញចិត្ត”។ នេះបើតាមសម្តីរបស់លោក Ferrufino៕