BMW និយាយត្រង់ៗថា Tesla លែងជាស្ដេចត្រាញ់ទីផ្សាររថយន្តអគ្គិសនីតទៀតហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានធ្វើការសង្កេតយ៉ាងដឹតដល់លើទីផ្សាររថយន្តអគ្គិសនី ហើយពេលនេះក្រុមហ៊ុនជឿជាក់ថាអំណាចរបស់ Tesla លើទីផ្សាររថយន្តអគ្គិសនីគឺបានសាបរលាបហើយ។

ជាច្រើនឆ្នាំមកហើយដែល Tesla ឈានមុខគេលើរថយន្តអគ្គិសនី និងតែងតែលក់រថយន្តបានច្រើនជាងគូប្រជែង។ នៅឆ្នាំនេះដែរ BMW មានគម្រោងថានឹងលក់រថយន្តអគ្គិសនីឲ្យបាន ២០ម៉ឺនគ្រឿង កើនឡើងលើសឆ្នាំមុនពីរដង ហើយវាគឺជាផ្នែកមួយនៃផែនការធ្វើយ៉ាងណាឲ្យរថយន្តដែលក្រុមហ៊ុនលក់លើទីផ្សារ មានយ៉ាងតិច ៥០% ជារថយន្តអគ្គិសនីសុទ្ធ ដែលផែនការគ្រោងសម្រេចឲ្យបានត្រឹមឆ្នាំ២០៣០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលនិយាយជាមួយ Auto News នៅក្នុងកម្មវិធីសន្និសីទកាសែតនៅទីក្រុងញ៉ូវយក នាយកផ្នែកលក់របស់ BMW Group បានទទួលស្គាល់ថា Tesla មានចំណុចទាក់ទាញមួយដែលអាចលក់រថយន្តបានច្រើន ប៉ុន្តែពេលនេះលែងដូចមុនទៀតហើយ។

ទោះយ៉ាងណាបើតាមតួលេខចុះបញ្ជីរថយន្តនៅសហរដ្ឋអាមេរិក បង្ហាញថា BMW នៅចាញ់ប្រៀប​ Tesla នៅរយៈពេលដើមឆ្នាំ២០២២នេះ ដោយពីរខែដំបូង Tesla លក់រថយន្តបាន ៧១ ២៥០គ្រឿង ខណៈដែល BMW លក់រថយន្តបាន ៥៤ ២១០គ្រឿង។

ដើម្បីប្រកួតប្រជែងនឹង Tesla ផងដែរនោះ BMW បានប្រកាសចេញរថយន្តអគ្គិសនីសុទ្ធម៉ូដែល i4 និង iX ហើយក៏ត្រៀមនឹងប្រកាសចេញរថយន្ត i7 ឆាប់ៗផងដែរ។ នៅឆ្នាំ២០២៣ខាងមុខ BMW នឹងពង្រីកបន្ថែមជាមួយការប្រកាសចេញរថយន្តអគ្គិសនីនៃម៉ូដែល 5-Series រួមទាំងរថយន្ត Mini Countryman ប្រភេទអគ្គិសនីថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម