BMW នឹងបន្ថែមជម្រើស EREV លើរថយន្តអគ្គិសនីរបស់ខ្លួន

ក្រុមហ៊ុន BMW ត្រូវបានគេដឹងថា គ្រោងពង្រីកបន្ថែមម៉ាស៊ីនសាំង ទៅលើ​រថយន្តអគ្គិសនីសុទ្ធ​របស់ខ្លួន ឬហៅថា EREV នាពេលខាងមុខនេះ ដើម្បីបង្កើនចម្ងាយបើកបរ ជាពិសេសដើម្បីចូលរួមប្រជែងក្នុងទីផ្សារចិន។

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់នេះ អាចនឹងបំពាក់​ EREV លើ​រថយន្តអគ្គិសនីដូចជា BMW i7 ដែលជាប្រភេទស៊ីដេន និង iX5 ដែលជាប្រភេទ SUV។ នេះបើយោងតាមប្រភពសារព័ត៌មាន Bloomberg។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី BMW ទាំងពីរនេះ គឺអាចដាក់បន្ថែមនូវម៉ាស៊ីនសាំងបាន ដោយមិនចាំបាច់ត្រូវរុះរើប្រព័ន្ធម៉ាស៊ីនរថយន្តដែលមានស្រាប់នោះទេ។ បើសិនព័ត៌មាននេះជាការពិត BMW នឹងក្លាយ​ជាក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ទី១ ដែលផ្តល់បច្ចេកវិទ្យា EREV នេះ។

មិនខុសពីក្រុមហ៊ុនអឺរ៉ុបដទៃឡើយ ការលក់រថយន្តនៅក្នុងប្រទេសចិន របស់ BMW បានធ្លាក់ចុះជាលំដាប់ ដោយសារតែពិបាកប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្នុងស្រុកចិន ដែលមានតម្លៃធូរថ្លៃ ហើយបំពាក់បច្ចេកវិទ្យាថ្មីៗទៀត ជាពិសេសប្រភេទម៉ាស៊ីន EREV នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម