BMW បង្ហាញរថយន្តពិសេស គ្រាប់កាំភ្លើង​បាញ់​មិន​ធ្លុះ

BMW បាន​បង្ហាញ​ចេញ​នូវ​រថយន្ត​ពិសេស​​ម៉ូដែល X5 Protection VR6 ដែល​​វា​មាន​សមត្ថភាព​អាច​​ធន់​នឹង​គ្រាប់​កាំភ្លើង 7.62×39-mm របស់​កាំភ្លើង AK-47 ហើយ​វា​អាច​ទ្រាំទ្រ​នឹង​ការ​បំផ្ទុះ​ពី​គ្រាប់​បែក TNT ទម្ងន់​ ១៥ គីឡូក្រាម​ ដែល​ស្ថិត​នៅ​ចម្ងាយ ៤ ម៉ែត្រ​ពី​រថយន្ត​បាន​ទៀត​ផង។

ដើម្បី​បង្កើត​នូវ​​សមត្ថភាព​ការពារ​នេះ BMW បាន​បំពាក់​លើ​ X5 នូវ​បន្ទះ​ដែក​ដ៏​រឹង​មាំ​ក្នុង​ទ្វា​រថយន្ត, គ្រោង​ឆ្អឹង​ផ្នែក​ចំហៀងៗ, ដំបូល និង​មាន​ការ​ប្រើ​ប្រាស់​អាលុយមីញ៉ូម​ការពារ​ផ្នែក​ខាង​ក្រោម និង​ផ្នែក​ខាង​ក្រោយ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កញ្ចក់​​មុខ កញ្ចក់​ទ្វារ​ និង​កញ្ចក់​ខាង​ក្រោយ​របស់​រថយន្ត​មាន​កម្រាស់​ ៣០ ម.ម។ វា​អាច​ទ្រាំទ្រ​នឹង​ការ​​កម្លាំង​ប៉ះ​ទង្គិច​ពី​សំណាក់​អាវុធ​ដៃ​បាន។ អតិថិជន​មាន​ជម្រើស​បន្ថែម​សមត្ថភាព​ការពារ​ឲ្យ​ខ្លាំង​ជាង​មុខ។ ដូច​ជា​​ការ​ពាស​ដែក​ផ្នែក​ខាង​ក្រោម​ដើម្បី​ធន់​នឹង​ការ​បំផ្ទុះ​ពី​គ្រាប់​បែក​ដៃ។ ប្រសិន​បារម្ភ​ពី​ដ្រូន ក៏​មាន​ជម្រើស​ដំបូល​ពាស​ដែក​ ដែល​អាច​ធន់​នឹង​កម្លាំង​បំផ្ទុះ ២០០ ក្រាម​របស់​គ្រាប់​បែក C4។

ក្រៅ​ពី​មាន​​សមត្ថភាព​ការពារ​ខ្ពស់​ រថយន្ត​នេះ​ក៏​មាន​បំពាក់​នូវ​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង កម្លាំង ៥២៣ សេះ ដែល​អាច​រត់​បាន​ដល់​ល្បឿន ២១០ គ.ម/ម៉។ ការ​ប្រកាស​របស់ BMW មិន​បាន​ប្រាប់​អំពី​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់​រថយន្ត​នេះ​ទេ ប៉ុន្តែ​ប៉ាន់​ស្មាន​ថា​មាន​តម្លៃ​មិន​ក្រោម​ខ្ទង់​សែន​ដុល្លារ​នោះ​ទេ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម