[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅរូបភាពប៉ាតង់របស់រថយន្ត BMW XM ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលមានលក្ខណៈស្រដៀងទៅនឹងគំរូរថយន្ត BMW XM ដែលត្រូវបានដាក់បង្ហាញនៅចុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិត និងដាក់លក់ក្នុងពេលឆាប់ៗនេះ។
រូបភាពនេះត្រូវបានបញ្ចេញនៅលើគេហទំព័រ iXForums មានការរចនាផ្នែកខាងមុខនៅតែរក្សាអត្តសញ្ញាណនៃ BMW និងស្រដៀងទៅនឹងរថយន្ត BMW 7 Series ថ្មី។ ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានរន្ធខ្យល់ និងរបាំងការពារភុក។ ខណៈនៅផ្នែកខាងក្រោយមានបំពាក់ជាមួយបំពង់ស៊ីមាំងចំនួន ៤ និងចង្កៀងក្រោយរាងទ្រវែង។
ក្នុងនោះ ក្រុមហ៊ុន BMW បាននិយាយថា រថយន្ត BMW XM ប្រភេទ Crossover នេះនឹងបំពាក់ម៉ាស៊ីន V8 ដែលទើបនឹងផលិតថ្មី ព្រមទាំងកម្លាំងម៉ាស៊ីន Plug-in Hybrid ដែលមានកម្លាំងសរុប ៦៤៤ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៨០ គីឡូម៉ែត្រដោយប្រើប្រព័ន្ធអគ្គិសនីសុទ្ធ។
ចំណុចលេចធ្លោផ្សេងទៀតរួមមានប្រព័ន្ធ Adaptive M Professional suspension, ប្រព័ន្ធ electromechanical ជាមួយនឹងបច្ចេកវិទ្យា 48-volt technology និង Integral Active Steering ។ អតិថិជនក៏អាចជ្រើសប្រព័ន្ធហ្វ្រាំង M braking system ក៏ដូចជាជម្រើសថាសកង់ M ដែលមានទំហំរហូតដល់ ២៣ អ៊ីញផងដែរ៕