BMW ប៉ងលក់ឡានអគ្គិសនីឲ្យបានច្រើនជាងឆ្នាំមុនពីរដង

[ទីផ្សារបរទេស] ត្បិតថាតួលេខលក់ផ្លូវនៅមិនទាន់ប្រកាសចេញ ប៉ុន្តែមានការរាយការណ៍ថា BMW លក់រថយន្តបាន ២,២លានគ្រឿងនៅឆ្នាំ២០២១ ដែលបង្កើតបានជាកំណត់ត្រាថ្មីមួយ។

ក្នុងចំណោមរថយន្តជាង២លានគ្រឿងដែលបានលក់ចេញ មានរថយន្តប្រមាណ ១០ម៉ឺនគ្រឿងគឺជារថយន្តអគ្គិសនី។ ត្បិតថាជាតួលេខលក់ដ៏ខ្ពស់មួយសម្រាប់រថយន្តអគ្គិសនី ប៉ុន្តែ BMW មានគោលដៅប៉ុនប៉ងលក់រថយន្តអគ្គិសនីឲ្យបាន ២០ម៉ឺនគ្រឿង នៅឆ្នាំ២០២២នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលនិយាយជាមួយ Automotive News ប្រធានផ្នែកលក់របស់ BMW ឈ្មោះ Pieter Nota បានរៀបរាប់ថារថយន្តអគ្គិសនីគឺជាកត្តារុញច្រានការរីកច្រើនដ៏ធំមួយសម្រាប់ BMW ក្នុងឆ្នាំ២០២១។ ប្រធានផ្នែកលក់រូបនេះជឿជាក់ថាក្រុមហ៊ុននឹងអាចបង្កើនចំនួនលក់រថយន្តទ្វេដង ជាមួយរថយន្ត BMW iX3 និង BMW i4 មានលក់លើទីផ្សារកាន់តែច្រើន។

និយាយពីរថយន្តពីរម៉ូដែលខាងលើនេះ Pieter Nota បាននិយាយថា ៖ “យើងបានសង្កេតឃើញការកក់ទិញដ៏ខ្លាំងក្លាបំផុតសម្រាប់រថយន្តទាំងពីរ។ ពួកយើងបានមកដល់ចំពេលជាមួយរថយន្តទាំងពីរម៉ូដែលនេះ”។

គួរដឹងថាក្រៅពី BMW iX និង i4 ក្រុមហ៊ុនក៏មានដាក់លក់រថយន្តអគ្គិសនីច្រើនប្រភេទលើទីផ្សារជាច្រើន រួមមាន iX3, X3 និង i3 Sedan រួមជាមួយរថយន្តដទៃទៀតដែលគ្រោងបង្ហាញវត្តមានដូចជា iX1, i5 និង i7 ផងដែរ។

ផ្អែកតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន BMW បានព្យាការណ៍ថាត្រឹមឆ្នាំ២០២៥ រថយន្តមួយក្នុងចំណោមបួនរថយន្តដែលលក់ចេញនឹងជារថយន្តអគ្គិសនី ហើយនៅត្រឹមដំណាច់ទសវត្សឆ្នាំ២០២០ BMW និយាយថារថយន្តអគ្គិសនីនឹងមានមួយក្នុងចំណោមរថយន្តពីរគ្រឿងដែលលក់ចេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម