ក្រុមហ៊ុន BMW បានបិទបញ្ចប់ការផលិតរថយន្តស្ព័រ Hybrid ម៉ូដែល i8 ជាមួយការផលិតរថយន្ត ១៨គ្រឿង ដែលមានពណ៌ចម្រុះពិសេសៗបំផុត។
BMW បាននិយាយថារថយន្ត i8 មួយគ្រឿងៗក្នុងចំណោម ១៨គ្រឿងដែលក្រុមហ៊ុនផលិតជាលើកចុងក្រោយ មានប្រើប្រាស់ពណ៌ទឹកថ្នាំពិសេស។ ក្រុមហ៊ុនបានសហការជាមួយដៃគូផ្គត់ផ្គង់ដើម្បីទទួលបានពណ៌ដែលពិសេសខុសពីធម្មតា ហើយរថយន្តទាំងអស់មានលាបពណ៌ដោយកម្លាំងដៃមនុស្សសុទ្ធ។
ម្ចាស់រថយន្ត i8 ចំនួន ១៨គ្រឿងចុងក្រោយនេះ ភាគច្រើនគឺជាសមាជិកនៃក្លឹប BMW i8 International។ រថយន្ត ១៨គ្រឿងចុងក្រោយគឺបានផលិតឡើងនៅរោងចក្រ Leipzing ក្នុងប្រទេសអាល្លឺម៉ង់។
គិតចាប់ពីឆ្នាំ ២០១៤ មកទល់ពេលនេះ BMW ផលិតរថយន្ត i8 បានប្រមាណ ២០ ៥០០គ្រឿង។ តាមពិតទៅក្រុមហ៊ុន BMW មានផែនការថានឹងប្រកាសចេញរថយន្តអគ្គិសនីឲ្យបាន ២៥គ្រឿងនៅត្រឹមឆ្នាំ ២០២៥ ប៉ុន្តែរថយន្តត្រកូល i មិនស្ថិតក្នុងផែនការនេះឡើយ រួមមាន i8 និង i3 ផងដែរ៕