រថយន្ត BMW 2-Series Coupe ស៊េរីឆ្នាំ២០២២ ដែលបានលេចធ្លាយជាយូរមកហើយនោះ បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងកម្មវិធី Goodwood Festival of Speed។
BMW 2-Series Coupe ស៊េរីមុនគឺជារថយន្តដែលទទួលបានការពេញចិត្តខ្លាំងពីសំណាក់អតិថិជន ហើយរថយន្តស៊េរីថ្មីក៏នឹងបន្តទទួលការពេញចិត្តផងដែរ ដោយសារតែវាមានប្រើប្រាស់នូវការឌីហ្សាញកាន់តែទាន់សម័យ។
ផ្ទាំងប៉ាណាមុខរបស់រថយន្ត 2-Series Coupe ស៊េរីថ្មី ឃើញថាមិនមានការផ្លាស់ប្ដូរដូចជារថយន្ត 4 Series ស៊េរីថ្មីឡើយ ពោលគឺនៅបន្តប្រើប្រាស់ផ្ទាំងប៉ាណាដែលមានរន្ធខ្យល់ទំហំតូច និងមានអមដោយអំពូលបំភ្លឺដែលទាញទៅក្រោយ។ សម្រាប់ផ្នែកខាងក្រោយវិញ គួរឲ្យចាប់អារម្មណ៍បំផុតគឺមានការឌីហ្សាញបែបជ្រុង ដែលមានអមអំពូលឲ្យសញ្ញាដែលមានរូបរាងថ្មីទាន់សម័យផងដែរ។
រថយន្តនេះមានបំពាក់មកស្រាប់នូវកុងទ័រធម្មតា ជាមួយនឹងអេក្រង់កម្សាន្តទំហំ ៨,៨អ៊ីញ ប៉ុន្តែអតិថិជនក៏មានជម្រើសថែមលុយយកកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំធំដល់ ១០,២៥អ៊ីញផងដែរ។ ទោះយ៉ាងណា វាមានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iDrive 7 មិនមែន iDrive 8 ដូចដែលបានប្រើលើរថយន្ត BMW iX ឡើយ។
2-Series Coupe ស៊េរីថ្មីនេះ មានដំណើរការដោយម៉ាស៊ីនចំនួនពីរប្រភេទ ដោយទីមួយគឺប្រភេទ 230i មានម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន២៥៥សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។
មួយប្រភេទទៀតគឺ M240i XDrive Coupe ដែលមានបំពាក់ម៉ាស៊ីន TwinPower ចំណុះ៣,០លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន៣៨២សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។ ទាំងពីរប្រភេទនេះមានល្បឿនអតិបរមា ២៥០គ.ម/ម៉ ដូចគ្នា។
រថយន្តស៊េរីឆ្នាំ២០២២មួយនេះ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកនៅខែវិច្ឆិកា ជាមួយតម្លៃដែលចាប់ផ្ដើមពី ៣៦ ៣៥០ដុល្លារ សម្រាប់ប្រភេទ 230i និងតម្លៃ ៤៨ ៥៥០ដុល្លារ សម្រាប់ប្រភេទ M240i XDrive Coupe៕