ក្រុមហ៊ុន BMW Thailand បានប្រកាសដាក់លក់រថយន្ត 7 Series ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលរថយន្តនេះជាគូប្រជែងរបស់ Mercedes-Benz S-Class។
រថយន្ត BMW 7 Series ថ្មី បានបំពាក់ប៉ាណាផ្នែកខាងមុខថ្មី ទំហំធំជាងមុនខ្លាំងដល់ទៅ ៤០ ភាគរយ បើប្រៀបធៀបទៅនឹងស៊េរីមុន។ ផ្នែកខាងក្រោយវិញ BMW បញ្ជាក់ថា របាក្រូមមានទំហំក្រាស់ជាងមុន ហើយចង្កៀង LED មានរាងស្លីមជាងមុន និងមានរបា LED ដ៏តូចមួយទៀតរត់កាត់ទទឹងផ្នែកខាងក្រោយនោះទៀតផង។
BMW Thailand បានយកតែម៉ូដែល 730Ld និង 745Le មកលក់ប៉ុណ្ណោះ នៅលើទីផ្សាររបស់ខ្លួន។ BMW 730Ld បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ មានកម្លាំង ២៦៥សេះ, ប្រើប្រអប់លេខអូតូ ៨វគ្គ, ប្រើប៉ុងពីរ, យ៉ាន់ ១៩អ៊ីង និងតម្លៃ ៦,០៩៩លានបាត ស្មើនឹង ២០១ ៥០០ដុល្លារ។
ដោយឡែក BMW 745Le ដំណើរការដោយម៉ាស៊ីនប្រភេទ Plug-in Hybrid មានកម្លាំង ៣៩៤សេះ អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៥០គីឡូម៉ែត្រ។ វាក៏ប្រើប៉ុងពីរដែរ ហើយមានតម្លៃ ៦,៣៩៩លានបាត ស្មើនឹង ២១១ ៥០០ដុល្លារ៕