BMW i3 eDrive35L សាកភ្លើងត្រឹម ១០នាទី ជិះបាន ១០០គ.ម

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត i3 eDrive35L ជាផ្លូវការ ដែលជារថយន្តប្រភេទ Sedan ទ្វារ៤ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ផលិតឡើងផ្អែកតាមម៉ូដែល 3-Series តួវែង ដែលនឹងមានលក់តែលើទីផ្សារប្រទេសចិន ចាប់ពីខែឧសភា ឆ្នាំ២០២២ តទៅ។

រថយន្ត BMW i3 eDrive35L មានប្រវែងកង់មុខទៅកង់ក្រោយ ២,៩៦ម៉ែត្រ​ ហើយមានប្រវែងតួខ្លួនសរុប ៤,៨៧ម៉ែត្រ និងមានទំហំឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ាន់ ៤១០លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីនេះ មានបំពាក់ប្រព័ន្ធ Gen5 eDrive ដែលបង្កើតកម្លាំងបាន ២៨២សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៦,២វិនាទីប៉ុណ្ណោះ។

រថយន្តនេះប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៧០,៣គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរដល់ទៅ ៥២៦គីឡូម៉ែត្រ ហើយអាចសាកភ្លើងកម្លាំង ៩៥វ៉ាត់ ដោយចំណាយពេលត្រឹម ៣៥នាទី សម្រាប់សាកពី ១០ ទៅ ៨០% ឬ ៩៧គីឡូម៉ែត្រ ត្រឹម ១០នាទីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BMW មិនទាន់បានប្រកាសចេញតម្លៃនៃរថយន្ត i3 eDrive35L នេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម