BMW i4 សាកម្តងជិះបានដល់ ៤៨០គ.ម​ តម្លៃចាប់ពី ៥២០០០ដុល្លារ ចេញពីរោងចក្រ

ក្រុមហ៊ុន BMW បានប្រកាសចេញតម្លៃនៃរថយន្តអគ្គិសនី i4 eDrive35 ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត BMW i4 eDrive35 នេះ នឹងចូលរួមជាមួយម៉ូដែលផ្សេងទៀត គឺ i4 eDrive40 និង i4 M50 ដែលម៉ូដែលទាំង ២ ចុងក្រោយនេះ ប្រើកញ្ចប់អាគុយទំហំ ៨១,៥គីឡូវ៉ាត់ម៉ៅង ខណៈម៉ូដែលថ្មី i4 eDrive35 ប្រើត្រឹម ៦៦គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។

ពាណិជ្ជកម្ម

ជាមួយនឹងកញ្ចប់អាគុយខាងលើ មានន័យថា i4 eDrive35 អាចបើកបរបានចម្ងាយប្រហែល ៤១៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ខណៈម៉ូដែល i4 eDrive40 អាចបើកដល់ ៤៨៤គីឡូម៉ែត្រ​ និង i4 M50 អាចបើកបាន ៤៣៤គីឡូម៉ែត្រ។

ថ្វីបើប្រើកញ្ចប់អាគុយតូចជាងគេមែន ប៉ុន្តែម៉ូដែល i4 eDrive35 នៅតែគាំទ្រល្បឿនសាកលឿន DC fast charging ដល់ទៅកម្លាំង ១៨០គីឡូវ៉ាត់ ដែលមានន័យថា សាកភ្លើងពី ១០ ទៅ ៨០% ប្រើពេលត្រឹមតែ ៣២ នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត BMW i4 eDrive35 ប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២៨១សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ប្រើប៉ុងក្រោយ ខណៈម៉ូដែល i4 eDrive40 ប្រើម៉ូទ័រមួយដូចគ្នា មានកម្លាំង ៣៣៥សេះ និង ម៉ូដែល i4 M50 ប្រើម៉ូទ័រអគ្គិសនី២ មានកម្លាំងសរុបដល់ ៥៣៦សេះ។

ចំពោះតម្លៃវិញ ម៉ូដែល i4 eDrive35 មានតម្លៃចាប់ពីខ្ទង់ ៥២ ៣០០ដុល្លារ, ម៉ូដែល i4 eDrive40 មានតម្លៃចាប់ពីខ្ទង់ ៥៦ ៣០០ដុល្លារ និង ម៉ូដែល i4 M50 មានតម្លៃចាប់ពីខ្ទង់ ៦៦ ៨០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

Sponsored