BMW iX M60 នឹងមានបំពាក់ម៉ូទ័រភ្លោះ ផលិតកម្លាំងបាន ៦១១សេះ

BMW បានបញ្ជាក់រួចមកហើយអំពីការបង្ហាញចេញរថយន្ត iX M60 ដែល​នឹងបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធី CES នៅទីក្រុងឡាសវេហ្គាសនាខែក្រោយនេះ ហើយតាមរយៈវិបសាយ Automotive News យើងអាចដឹងមុនខ្លះៗអំពីលក្ខណៈសម្បត្តិរថយន្តមហាកម្លាំងនេះ។

តាមប្រភពវិបសាយខាងលើបានឲ្យដឹង iX M60 នឹងមានបំពាក់ម៉ូទ័រភ្លោះ ដែលគួបផ្សំគ្នាអាចផលិតកម្លាំងបានសរុប ៦១១សេះ ដែលកម្លាំងនេះគឺខ្លាំង iX ធម្មតាចំនួន ៩៥សេះ។ គេក៏រំពឹងថា iX M60 នឹងមានបំពាក់អាគុយចំណុះ ១១១,៥kWh ដូចជា xDrive50 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈការរៀបចំនេះ iX M60 នឹងអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ដោយប្រើពេល ៣,៧វិនាទី ដែលធ្វើឲ្យវាលឿនជាង xDrive50 ចំនួន ០,៧វិនាទី និងមានសមត្ថភាពអាចប្រៀបនឹង i4 M50 បាន។  វិបសាយដដែលបានអះអាងផងដែរថា iX M60 នឹងអាចបើកបរបានចម្ងាយប្រមាណ ៥៧៥គីឡូម៉ែត្រ ពេលសាកភ្លើងមួយលើក។

ដោយឡែកលក្ខណៈសម្បត្តិផ្សេងទៀតអំពីរថយន្តអគ្គិសនីមហាកម្លាំងនេះនឹងត្រូវបង្ហាញចេញក្នុងកម្មវិធីប្រកាសចេញនាខែក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម