រថយន្ត BMW X1 ឆ្នាំ២០២៣ ជំនាន់ទី១ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ហើយវានឹងចេញលក់នៅចុងឆ្នាំនេះតែម្តង។
រថយន្ត BMW X1 ជំនាន់ថ្មីនេះនឹងចែកចេញជា ២ ជម្រើសម៉ូដែល គឺ sDrive18i និង xDrive20i ហើយមានតម្លៃចាប់ពីខ្ទង់ ៣៧ ៥០០ដុល្លារ និង ៤៥ ៩០០ដុល្លារឡើងទៅ នៅលើទីផ្សារប្រទេសអូស្ត្រាលី។
ជាមួយគ្នានេះដែរ រថយន្ត X1 ប្រភេទប្រើអគ្គិសនីសុទ្ធគឺ BMW iX1 xDrive30 ក៏នឹងបង្ហាញខ្លួនតាមក្រោយដែរ ពោលគឺនៅដើមឆ្នាំ២០២៣ ខាងមុខនេះតែម្តង ខណៈតម្លៃ និងព័ត៌មានលម្អិតរបស់វា នឹងត្រូវប្រកាសនៅពេលជិតចេញ។
យ៉ាងណាមិញ រថយន្ត X1 sDrive18i បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង TwinPower Turbo មានកម្លាំង ១៥៤សេះ និងកម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch Steptronic transmission និងប៉ុងមុខ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,៥លីត្រ/១០០គីឡូម៉ែត្រ។
ដោយឡែកចំពោះម៉ូដែល X1 xDrive20i វិញ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ប្រើប៉ុង២។ វាមានកម្រិតស៊ីសាំងជាមធ្យម ៧,៤លីត្រ/១០០គីឡូម៉ែត្រ៕