BMW X1 ២០២៣ ប្តូររូបរាងថ្មីទាំងស្រុង ធំជាងមុន អេមជាងមុន តម្លៃចាប់ពី ៣៨ ៦០០ដុល្លារ

រថយន្ត BMW X1 ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ ដោយបានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង។

រថយន្ត BMW X1 ស៊េរីឆ្នាំ២០២៣ ឥឡូវនេះមានទំហំធំជាងមុន ដោយមានប្រវែង ៤,៤ម៉ែត្រ ទទឹង ១,៨៤ម៉ែត្រ កម្ពស់ ១,៦៤ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦៩ម៉ែត្រ។ វានឹងមានផ្តល់ជម្រើសពណ៌ខ្មៅ រួមទាំង Blue Bay Lagoon, Cape York Green, Utah Orange, Space Silver និង BMW Individual Frozen Pure Grey ព្រមទាំងជម្រើសយ៉ាន់កង់ ១៩អ៊ីញ និង ២០អ៊ីញ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,៧អ៊ីញ ដំណើរការដោយប្រព័ន្ធ BMW iDrive Operating System 8។

គ្រប់ម៉ូដែល X1 ដែលលក់នៅអាមេរិកទាំងអស់ នឹងលែងមានប្រភេទប្រើប៉ុងមួយទៀតហើយ ពោលគឺមានតែជម្រើសប៉ុងពីរ xDrive ប៉ុណ្ណោះ ជាមួយជម្រើសម៉ាស៊ីនតែ ១គត់ គឺ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២៤១សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,២វិនាទី។

សូមបញ្ជាក់ថា រថយន្ត BMW X1 xDrive28i ឆ្នាំ២០២៣ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ ក្នុងតម្លៃចាប់ពី ៣៨ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម