BMW X3 M ជំនាន់ថ្មី នឹងប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] BMW ត្រូវបានគេដឹងថាកំពុងធ្វើតេស្តរថយន្ត X3 ជំនាន់ថ្មី ត្បិតថារថយន្តនេះត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ទើបប្រកាសចេញ។ ដោយឡែក X3 ប្រភេទ M ដែលជាប្រភេទកម្លាំងខ្លាំង មានការលេចឭដំណឹងថានឹងប្រើប្រាស់ថាមពលអគ្គិសនី។

ការចុះផ្សាយរបស់ BMWBLOG ដែលដកស្រង់ដំណឹងពីប្រភពជិតដិតនឹងការផលិតរថយន្ត X3 M ជំនាន់ថ្មី អះអាងថា BMW គ្រោងបញ្ឈប់ការផលិតរថយន្ត X3 M ប្រភេទប្រើម៉ាស៊ីន បន្ទាប់ពីជំនាន់បច្ចុប្បន្នត្រូវអស់អាយុកាល។ អ្នកដែលចូលមកស្នងតំណែង ត្រូវបានជឿជាក់ថានឹងប្រើប្រាស់គ្រោងឆ្អឹង Neue Klasse ជាគ្រោងឆ្អឹងផលិតជាពិសេសសម្រាប់រថយន្តអគ្គសិនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេមិនទាន់ច្បាស់ទេថា X3 M ដែលប្រើថាមពលអគ្គិសនីនឹងប្រើឈ្មោះថា iX3 M ឬក៏ BMW បន្តប្រើប្រាស់ឈ្មោះសាមញ្ញថា X3 M ដដែលនោះ។ BMWBLOG បានឲ្យដឹងថា X3 M ជំនាន់ថ្មី អាចនឹងបង្ហាញវត្តមាននៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ក្រោយពី X3 ជំនាន់ថ្មីប្រភេទធម្មតាប្រកាសចេញនៅអំឡុងឆ្នាំ២០២៥។

ខណៈដែល X3 ជំនាន់ថ្មីនឹងបន្តប្រើប្រាស់ម៉ាស៊ីនពីស្តុង បងប្អូនរបស់វាគឺ X4 ត្រូវបានគេជឿជាក់ថានឹងផ្លាស់ប្ដូរទៅជាម៉ូដែល​រថយន្ត​អគ្គិសនីសុទ្ធពេលជំនាន់ថ្មីប្រកាសចេញ ដោយប្រើប្រាស់ឈ្មោះថា iX4៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម