
បន្ទាប់ពីមានជម្រើសប្រើម៉ាស៊ីនសាំងសុទ្ធ ម៉ាស៊ូត plug-in hybrid និងអគ្គិសនីសុទ្ធរួចមកហើយនោះ រថយន្ត BMW X5 នឹងត្រូវបន្ថែម option ថ្មីមួយទៀតប្រើចំហេះអ៊ីដ្រូសែន (iX5 Hydrogen)។ សម្រាប់ option ថ្មីនេះដែរ គឺជាការផលិតឡើងក្រោមកិច្ចសហការរវាង BMW និង Toyota។
យ៉ាងណាមិញ ថ្វីបើរថយន្តនេះជា version ថ្មីមូយទៀតរបស់ BMW X5 ប៉ុន្តែវាមានការរចនារូបរាងផ្នែកខាងមុខខុសគ្នា ពោលគឺផ្នែកខាងមុខរបស់ X5 គឺជាប៉ាណារាងតម្រងនោម ដែលជា unique របស់ BMW ចំណែកឯ iX5 Hydrogen ប្រើភាសាឌីហ្សាញថ្មី Neue Klasse។
ប្រព័ន្ធចំហេះអ៊ីដ្រូសែនរបស់ iX5 គឺស្ថិតនៅក្នុងជំនាន់ទី៣ ដែលអភិវឌ្ឍដោយ BMW និងមានការគាំទ្រពី Toyota។ ប្រព័ន្ធថ្មីនេះ គឺមានដង់ស៊ីតេថាមពលខ្ពស់ជាង និងប្រសិទ្ធភាពប្រសើរជាងជំនាន់មុនៗ ពោលគឺអាចបើកបរបានចម្ងាយកាន់តែឆ្ងាយជាងមុន។
ទោះជាបែបនេះក្តី ក៏រថយន្ត BMW iX5 ស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ហើយបើតាមផែនការរបស់ក្រុមហ៊ុន នឹងគ្រោងបញ្ចេញរថយន្តនេះ នៅក្នុងអំឡុងឆ្នាំ ២០២៨។ ទន្ទឹមនេះ BMW ក៏គ្រោងនឹងពង្រីកបណ្តាញស្ថានីយអ៊ីដ្រូសែនៅអឺរ៉ុប ដោយចាប់ផ្តើមនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង៕