BMW X5 នឹងមានផលិតនៅចិន ចាប់ពីឆ្នាំក្រោយ

ឆាប់ៗនេះ BMW នឹងប្រកាសចេញរថយន្ត X5 ប្រភេទតួវែងលើទីផ្សារប្រទេសចិន ដែលលើទីផ្សារនេះមានម៉ាករថយន្តជាច្រើនបាន​ចេញលក់រថយន្តប្រភេទតួវែង។ បន្ថែមពីនេះរថយន្ត X5 ក៏នឹងត្រូវផលិតនៅប្រទេសចិនផ្ទាល់ផងដែរ។ នេះបើតាមសម្ដីអ្នកនាំពាក្យរបស់ BMW។

អ្នកនាំពាក្យរបស់ BMW បាននិយាយថារថយន្ត X5 ដែលបច្ចុប្បន្នបានដំឡើងនៅសហរដ្ឋអាមេរិក នឹងត្រូវដំឡើងនៅរោងចក្រប្រទេសចិនដូចគ្នា ដែលរថយន្តនេះគឺសម្រាប់ផ្គត់ផ្គង់ទីផ្សារប្រទេសចិនផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការចាប់ផ្ដើមការផលិតរថយន្ត X5 នៅប្រទេសចិន នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែសារព័ត៌មាន Automotive News និយាយថាវាអាចនឹងកើតមានឡើងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២ នៅរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន BMW Brilliance។

គួរដឹងថា BMW អាចលក់រថយន្តបានជិត ៧០ម៉ឺនគ្រឿងលើទីផ្សារប្រទេសចិន គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំនេះ ដែលមានការកើនឡើងជិត ២០% ឯណោះបើប្រៀបនឹងពេលដូចគ្នាឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម