BMW X5 M និង X6 M ឆ្នាំ ២០២៤ បំពាក់ម៉ាស៊ីនកូន mild-hybrid ជាមួយរូបរាងថ្មី និងទំនើបខ្លាំង

[បរទេស] បន្ទាប់ពីការបង្ហាញជាលើកដំបូងនៃរថយន្ត X5 និង X6 មុខមាត់ថ្មី ពេលនេះ BMW បានដាក់បង្ហាញរថយន្ត X5 M និង X6 M ស៊េរីឆ្នាំ ២០២៤ ម៉ូដែលលំដាប់ខ្ពស់ជាមួយរូបរាងដ៏ទាក់ទាញ និងរួមបញ្ចូលនៅបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ផងដែរ ។

នៅក្នុងការរចនាផ្នែកខាងក្រៅរបស់រថយន្តប្រភេទ SUV មានឡូហ្គោ M ប្រើប្រាស់ចង្កៀងមុខ LED និងចង្កៀងក្រោយ LED រាងអក្សរ X ថាសកង់ស្ព័រទំហំ ២១ អ៊ីញសម្រាប់ផ្នែលខាងមុខ និងទំហំ ២២ អ៊ីញសម្រាប់ផ្នែកខាងក្រោយ ។ ប៉ាណាមុខត្រូវបានរចនាថ្មី កាងបឺតខ្យល់ខាងក្រោម កាងជ្រែកខ្យលខាងមុខ បំពង់ស៊ីមាំងទាំងអស់ត្រូវបានតុបតែងជាពណ៌ខ្មៅ ដូចទៅនឹងឡូហ្គោ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការអាប់ដេតដ៏សំខាន់បំផុតមួយគឺការដាក់បង្ហាញអេក្រង់ BMW Curved Display ទៅក្នុងត្រកូល BMW ទាំងអស់ ដែលមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៩ អ៊ីញ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ BMW 8, អេក្រង់មានក្រាហ្វិក M-specific អេក្រង់បង្ហាញលើកញ្ចក់ Head-Up Display ត្រូវបានរួមបញ្ចូលផងដែរ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ដំបូលកញ្ចក់មានពន្លឺ panoramic Sky Lounge LED roof ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ជាដើម។

ទាក់ទងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយប្រព័ន្ធ 48V mild-hybrid ចំណុះ ៤,៤ លីត្រ Twin-turbo V8 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦១៧ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ M Steptronic ដែលជួយឲ្យការចូលលេខបានលឿនជាងមុន។

រថយន្ត BMW X5 M និង X6 M ឆ្នាំ ២០២៤ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមីនា ជាមួយនឹងការផលិតចាប់ផ្តើមនៅក្នុងខែមេសា ជាមួយតម្លៃចាប់ពី ១២២ ៣០០ ដុល្លារ សម្រាប់ X5 M និងតម្លៃ ១២៧ ២០០ ដុល្លារ សម្រាប់ X6 M ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម