ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW បានបញ្ចេញរថយន្តប្រភេទ Crossover Coupe ដ៏ទំនើប និងកម្លាំងខ្លាំងរបស់ខ្លួន គឺម៉ូដែល X6 ស៊េរីឆ្នាំ ២០២០ ។
X6 ស៊េរីថ្មីមានទំហំធំជាងមុន គឺ ប្រវែង ៤,៩ ម៉ែត្រ , ទទឹង ២ ម៉ែត្រ និង កម្ពស់ ១,៦ ម៉ែត្រ ។ វាត្រូវបានរចនារឹតតែអង់អាច និងស្ព័រជាងមុន ហើយរឹតតែទំនើប ។
ចំណែកឯផ្នែកខាងក្រោយបានបំពាក់ចង្កៀង LED ដែលមានរាងស្លីមដូចទៅនឹង រថយន្ត BMW 8-Series អីចឹង ។ X6 ផ្តល់ជម្រើសយ៉ាន់ទំហំ ១៩ អ៊ីងមកស្តង់ដារ តែក៏មានទំហំ ២០ អ៊ីង , ២១ អ៊ីង និង ២២ អ៊ីងផងដែរ ។
ដោយឡែក ផ្នែកខាងក្នុងវិញ វាបានបំពាក់គ្រឿងបរិក្ខារយ៉ាងប្រណីត និង ទំនើប ដូចជា កៅអីស្ព័រស្បែក Vernasca , តាប្លូស្បែក Sensatec , អេក្រង់ឌីជីថលទំហំ ១២,៣ អ៊ីង និង អេក្រង់កម្សាន្តព័ត៌មាន ១២,៣ អ៊ីង , ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៤ តំបន់ , កន្លែងដាក់កែវទឹក ដែលមានមុខងារត្រជាក់ និង ក្តៅ , ដំបូលកញ្ចក់ Panoramic , ប្រព័ន្ធសំឡេង Bowers & Wilkins Diamond Surround Sound System ចំនួន ២០ គ្រាប់ និង កុងទ័របាញ់លើកញ្ចក់ ជាដើម ។
សូមបញ្ជាក់ថា BMW X6 ជំនាន់ទី ៣ នេះ ផ្តល់ជម្រើសម៉ាស៊ីនជាច្រើនប្រភេទ ដូចជា៖
- ម៉ូដែល X6 M50d និង X6 xDrive 30d ដែលប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣៩៥ សេះ និង ២៦១ សេះ ដែលអាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេល ៥,២ វិនាទី និង ៦,៥ វិនាទី ជាមួយនឹងល្បឿនអតិបរមា ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
- ម៉ូដែល X6 sDrive40i និង X6 xDrive40i បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣៣៥ សេះ ហើយប្រើប្រអប់លេខអូតូ ៨ វគ្គ ដែលអនុញ្ញាតឱ្យវាអាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២ វិនាទី និង ល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
- ម៉ូដែល X6 M50i ប្រើម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង មានកម្លាំងបាន ៥២៣ សេះ ដែលអាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេលត្រឹម ៤,១ វិនាទី ។
X6 នឹងបំពាក់ប្រព័ន្ធជំនួយការបើកបរមកស្តង់ដារតែម្តង ដោយក្នុងនោះរួមមានមុខងារដូចជា Blind Spot Detection , Lane Departure Warning , Rear Collision Warning , Rear Cross Traffic Alert , Speed Limit Information , Frontal Collision Warning system with Pedestrian Warning និង City Collision Mitigation ។ វានឹងចេញលក់នៅក្នុងខែវិច្ឆិកា ជាមួយនឹងតម្លៃចាប់ពី ៦៤ ៣០០ ដុល្លារ ដល់ ៨៥ ៦៥០ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ៕