BMW X7 បំពាក់អាវក្រោះ មួយគ្រឿងដំបូងគេលើលោក អាចទប់ទល់សូម្បីគ្រាប់បែក

BMW X7 បាននិងកំពុងតែក្លាយជារថយន្តដ៏ពេញនិយមសម្រាប់អ្នកនយោបាយ, នាយកប្រតិបត្តិ និងតារាល្បីៗ ដូច្នេះហើយទើបក្រុមហ៊ុន INKAS សម្រេចចិត្តបង្កើតរថយន្ត BMW X7 បំពាក់អាវក្រោះ មួយគ្រឿងដំបូងគេបង្អស់លើលោក។

រថយន្ត BMW X7 បំពាក់អាវក្រោះ ដែលកែច្នៃដោយក្រុមហ៊ុនកាណាដា INKAS នេះ អាចការពារបាន ៣៦០ដឺក្រេតែម្តង។ វាបានពង្រឹងផ្នែកអ្នកដំណើរឲ្យកាន់តែមានសុវត្ថិភាព, កែប្រព័ន្ធជើងក្រោម, បំពាក់សម្បកកង់ run flat, ការពារប្លុកអាគុយ ក៏ដូចជាប្រព័ន្ធភ្លើងផ្សេងៗទៀតផង។ ជាលទ្ធផល វាអាចការពារអ្នកដំណើរពីគ្រាប់កាំភ្លើង និងសូម្បីតែគ្រាប់បែកដៃផងដែរ (CEN 1063 BR6 Ballistic Standard)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីបន្ថែមការការពារ អតិថិជនក៏អាចទិញ Option បន្ថែមទៀត ដូចជា ប្រព័ន្ធបាញ់ផ្សែង, តម្រង់ការពារខ្យល់ពុល និងប្រព័ន្ធពន្លត់ភ្លើងនៅក្នុងប្លុកម៉ាស៊ីន ជាដើម។

គួរឲ្យដឹងថា រថយន្ត BMW X7 ប្រើម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ ចំពោះម៉ូដែល xDrive40i ហើយអតិថិជនក៏អាចជ្រើសរើសប្រភេទម៉ាស៊ីន twin-turbo ចំណុះ ៤,៤លីត្រ V8 មានកម្លាំង ៦១២សេះ បានផងដែរ។ វានឹងដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម