BMW X7 ប្រភេទភីកអាប់គឺជារថយន្តដ៏គួរចាប់អារម្មណ៍មួយដែល BMW បានផលិត។ ត្បិតថាវានឹងមិនត្រូវចូលរោងចក្រផលិតលក់លើទីផ្សារមែន ប៉ុន្តែវាពិតជាប្លែកអារម្មណ៍បំផុត។
រថយន្តនេះបានបង្ហាញមុខលើកដំបូងកាលពីខែកក្កដា ដោយបង្កើតឡើងក្នុងគោលបំណងតាំងបង្ហាញ ហើយថ្មីៗនេះគេបានយកវាតាំងបង្ហាញនៅ BMW Welt នៅក្បែរទីស្នាក់ការរបស់ BMW នៅទីក្រុង Munich។
ដោយសាររថយន្តនេះផលិតឡើងផ្អែកតាម X7 ធម្មតា ហេតុនេះផ្នែកខាងក្នុងរបស់វាមានទំហំធំៗជារថយន្តភីកអាប់ដទៃទៀត ប៉ុន្តែឃ្លុបដាក់ឥវ៉ាន់ផ្នែកខាងក្រោយមានប្រវែងខ្លីជាងភីកអាប់នានា។ ជាក់ស្ដែងពេលដាក់ម៉ូតូ BMW F850 GS ចូលគឺមិនបានពេញស៊ប់នោះទេ។ គួរដឹងថា ការបង្កើតរថយន្តដែលមានតែមួយក្នុងលោកនេះ គឺចំណាយពេលប្រហែល ១០ ខែ៕