BMW X7 ស៊េរីឆ្នាំ២០២៣ កែមុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការហើយ!

[ទីផ្សារបរទេស] រថយន្ត BMW X7 ស៊េរីឆ្នាំ២០២៣ បានបង្ហាញវត្តមានជាផ្លូវការ ជាមួយកែកុនថ្មីទាំងលើរូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងផងដែរ។

រថយន្តស៊េរីថ្មីបានប្រើប្រាស់រូបរាងថ្មីដែល BMW បាននិយាយថាជារូបរាងអត្តសញ្ញាណថ្មីសម្រាប់រថយន្តប្រណីតរបស់ក្រុមហ៊ុន ដែលមានន័យថារថយន្ត 7-Series, i7 និង Alpina XB7 ដែលត្រៀមបង្ហាញខ្លួននាពេលខាងមុខ ក៏នឹងទទួលបានរូបរាងថ្មីស្រដៀងនេះដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X7 ស៊េរីឆ្នាំ២០២៣ បានបំពាក់ដោយអំពូលភ្លើងរាងស្លីមស្ថិតនៅផ្នែកខាងក្រោមបន្តិចនៃគម្របខាងមុខរថយន្ត ប៉ុន្តែអំពូលភ្លើងដែលទាក់ភ្នែកនេះមិនមែនជាអំពូលបំភ្លឺផ្លូវឡើយ ពោលគឺជាអំពូលភ្លើងភ្លឺពេលថ្ងៃប្រភេទ LED ដែលវាដើរតួជាអំពូលភ្លើង​ឲ្យ​សញ្ញានៅពេលប្ដូរទិសដៅផងដែរ។ អំពូលភ្លើងពិតប្រាកដគឺស្ថិតនៅផ្នែកខាងក្រោមនៃអំពូលភ្លើងភ្លឺពេលថ្ងៃ ដែលបានលាក់ខ្លួនយ៉ាងល្អ អាចមើលឃើញច្បាស់តែពេលយប់តែប៉ុណ្ណោះ។

ការផ្លាស់ប្ដូរដ៏ធំមួយទៀតសម្រាប់ស៊េរីឆ្នាំ២០២៣ គឺនៅផ្នែកខាងក្នុង ដោយកុងទ័ររថយន្តបែបបុរាណ ត្រូវបានជំនួសមកវិញដោយកុងទ័រប្រភេទឌីជីថលដែលមានតភ្ជាប់គ្នាជាមួយអេក្រង់ទំហំ ១៤,៩អ៉ីញ ដែលបំពាក់នៅចំកណ្ដាល ដែលអេក្រង់នេះដំណើរការដោយកម្មវិធី iDrive 8 ជំនាន់ចុងក្រោយ។

បន្ថែមពីនេះដែរជំនួយការវៃឆ្លាត BMW Intelligent Personal Assistant បានបង្កើនសមត្ថភាពច្រើនលើសពីមុន ដោយពេលនេះអ្នកបើកបរអាចប្រើសំឡេងបញ្ជាឲ្យជំនួយការនេះបើកកញ្ចក់រថយន្ត ឬបើកផ្ទាំងដំបូលរថយន្តបានផងដែរ។

រថយន្ត BMW X7 ចាប់ពីប្រភេទ xDrive40i មានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ ៦ស៊ីឡាំង និងបច្ចេកវិទ្យា Hybrid ពាក់កណ្ដាល ដែលអាចផលិតកម្លាំងបានសរុប ៣៧៥សេះ កើនឡើងលើសមុន ៤០សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៥,៦វិនាទី។

រថយន្តនេះក៏មានជាប្រភេទ M60i ដែលមានបំពាក់ម៉ាស៊ីន ៤,៤លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបានសរុប ៥២៣សេះ និងអាចស្ទុះដល់ ៩៦គ.ម/ម៉ ដោយចំណាយពេលត្រឹម ៤,៥វិនាទី។ ដោយឡែកសម្រាប់ Alpina XB7 ដែលនឹងប្រកាសចេញឆាប់ៗ មានបំពាក់ម៉ាស៊ីន ៤,៤លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៦៣០សេះ អាចស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៤,០វិនាទី។

រថយន្ត BMW X7 ស៊េរីថ្មីនេះនឹងចាប់ផ្ដើមលក់លើទីផ្សារសហរដ្ឋអាមេរិកនៅក្នុងអំឡុងឆ្នាំ២០២២នេះ ដោយប្រភេទ xDrive40i មានតម្លៃចាប់ពី ៧៧ ៨៥០ដុល្លារ ខណៈដែលប្រភេទ M60i មានតម្លៃចាប់ពី ១០៣ ១០០ដុល្លារ។ ចំណែកប្រភេទ Alpina XB7 អាចនឹងបង្ហាញវត្តមាននៅដើមឆ្នាំ២០២៣ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម