ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត X7 ប្រភេទ Dark Shadow Edition ថ្មីជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយវានឹងមានតែ ១០គ្រឿងគត់សម្រាប់ប្រទេសនេះ។
រថយន្ត BMW X7 Dark Shadow Edition ពិសេសថ្មីនេះ នឹងចែកចេញជា ២ ម៉ូដែល គឺ xDrive30d M Sport ចំនួន ៥គ្រឿង និង M50i ចំនួន ៥គ្រឿងដូចគ្នា។
ម៉ូដែល xDrive30d M Sport នឹងបំពាក់ម៉ាស៊ីនម៉ាស៊ូត turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦១សេះ ហើយមានតម្លៃចាប់ពី ១៨៨ ៩០០ដុល្លារអូស្ត្រាលី ឬប្រហែល ១៤០ ២៥០ដុល្លារអាមេរិក។ ចំណែកឯម៉ូដែល M50i វិញ បំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំង ៥២៣សេះ ហើយមានតម្លៃចាប់ពី ២១៥ ៩០០ដុល្លារអូស្ត្រាលី ឬប្រហែល ១៦០ ៣០០ដុល្លារអាមេរិក។
X7 Dark Shadow Edition នឹងមានតួខ្លួនពណ៌ពិសេសរបស់ BMW Individual គឺ Frozen Arctic Grey Metallic រំលេចដោយពណ៌ High-Gloss Shadow Line, យ៉ាន់ Alloy ពណ៌ខ្មៅ Jet Black matte ទំហំ ២២អ៊ីញ, ដុំហ្វ្រាំងពណ៌ខៀវ និង កញ្ចក់ក្រោយពណ៌ខ្មៅ ផងដែរ។
រីឯផ្នែកខាងក្នុងវិញ វាបានបំពាក់ពូកស្បែកពណ៌ខៀវងងឹតលាយខ្មៅ, កាំម្ញីពណ៌ខៀវងងឹត, ចង្គឹះលេខគ្រីស្តាល ព្រមទាំងស៊ីញ៉េ Edition Dark Shadow ទៀតផង។ ក្រៅពីនោះ វាក៏មានប្រព័ន្ធម៉ាស៊ីនត្រជាក់ multi-zone climate control, កោអីចុចអូតូ, ដៃចង្កុតស្បែក, ទ្វារបឺត, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, កុងទ័រឌីជីថល, អេក្រង់កម្សាន្តទំហំធំ ព្រមទាំងប្រព័ន្ធភ្លើង ambient lighting ផងដែរ៕