BMW XM ទំនងប្រកាសចេញជាផ្លូវការនៅចុងខែនេះហើយ

[ទីផ្សារបរទេស] រថយន្ត BMW XM ត្រូវបានគេដឹងថាកំពុងតែចូលរោងចក្រ​ផលិត​ ហើយរថយន្តនេះ​ក៏ត្រៀម​នឹង​បង្ហាញ​វត្តមាន​ឆាប់ៗនេះដែរ ដោយការប្រកាសចេញអាចនឹងធ្វើឡើងខែកញ្ញានេះតែម្ដង។

តាមការចុះផ្សាយរបស់ BMWBlog បានឲ្យដឹងថារថយន្ត BMW XM នឹងប្រកាសចេញជាផ្លូវការនៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២២ ដែល​មានន័យថាសល់ពេលតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។ ព័ត៌មានលម្អិតអំពីការប្រកាសចេញនៅមិនទាន់លេច​ចេញ​នៅ​ឡើយទេ ប៉ុន្តែរំពឹងថាលេចចេញក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW XM គឺជារថយន្តប្រភេទ PHEV ដែលប្រើប្រាស់ម៉ាស៊ីន Twin-Turbocharged ចំណុះ៤,៤លីត្រ ថ្មី ដែល​មាន​៨​ស៊ីឡ​ឡាំង គួបផ្សំជាមួយ​ម៉ូទ័រអគ្គិសនីមួយ។ សម្រាប់ XM Concept មានការបំពាក់ម៉ាស៊ីនប្រភេទនេះដែល​មាន​កម្លាំង ៧៥០​សេះ ប៉ុន្តែ​សម្រាប់​ផលិតផល​សម្រេច​នឹងអាចផលិតកម្លាំងបានត្រឹម ៦៤៤សេះប៉ុណ្ណោះ។

ជាមួយប្រព័ន្ធម៉ាស៊ីន PHEV នេះដែរ ទំនងជាអាចឲ្យ BMW XM បើកបរដោយប្រើថាមពលអគ្គិសនី​សុទ្ធបាន​ចម្ងាយ​ដល់ ៨០​គីឡូម៉ែត្រ ដោយព័ត៌មាននេះនឹងត្រូវបញ្ជាក់ជាផ្លូវការពេលដែលរថយន្ត SUV មហាកម្លាំងនេះបានប្រកាសចេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម