[ទីផ្សារបរទេស] រថយន្ត BMW XM ច្បាស់ណាស់ថាមិនមែនជារថយន្តសម្រាប់មនុស្សទូទៅនោះទេ ប៉ុន្តែក្រុមហ៊ុន BMW គិតថាម្ចាស់រថយន្ត SUV ប្រណីតមួយចំនួន ទំនងជាទិញរថយន្តមហាកម្លាំងនេះ។
នេះបើផ្អែកតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនលោក Frank van Meel និងអនុប្រធាននៃផ្នែកអតិថិជន ម៉ាកយីហោ និងការលក់លោក Timo Resch នៃក្រុមហ៊ុន BMW M ក្នុងកម្មវិធីបង្ហាញរថយន្ត M2 និងរថយន្ត XM ទៅកាន់សាធារណៈជន។
លោក Frank van Meel លើកឡើងថា ៖ “អ្នកដែលបើកបររថយន្ត Lamborghini Urus ឬ Mercedes G-Class ជាច្រើនរូបបាននិយាយថា «ខ្ញុំចង់បានរបស់បែបហ្នឹងពី BMW ហើយមកទល់ពេលនេះ វា (BMW XM) គឺជាជម្រើសដ៏សក្តិសមមួយ»។”
លោក Timo Resch បានគាំទ្រលើការលើកឡើងនេះដោយទទួលស្គាល់ថារថយន្ត BMW XM នឹងមិនទាក់ទាញអ្នកប្រើប្រាស់រថយន្ត M បច្ចុប្បន្នឲ្យប្ដូរប្រើ XM នោះទេ។ អ្វីដែលគេជឿជាក់គឺថាអ្នកទិញរថយន្ត XM គឺជាអ្នកដែលកំពុងប្រើរថយន្ត SUV ប្រណីត ដូចជា Lamborghini Urus, Bentley Bentayga និង Land Rover Range Rover ជាដើម។
លោក Timo Resch បាននិយាយដែរថាសហរដ្ឋអាមេរិកត្រូវបានមើលឃើញថាជាទីផ្សារធំសម្រាប់រថយន្ត XM ដោយប្រទេសចិន និងតំបន់មជ្ឈឹមបូព៌ា នឹងជាទីផ្សារបន្ទាប់៕