BMW នៅតែជាក្រុមហ៊ុននាំចេញឡានពីអាមេរិកច្រើនជាងគេ

[ទីផ្សារបរទេស] កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន BMW បាននាំចេញរថយន្តត្រកូល X សរុបចំនួន ២៥៧ ៨៧៦គ្រឿង ចេញពីរោងចក្រនៅ Spartanburg ក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក ដែល​ការ​នាំ​ចេញនេះគឺមានតម្លៃជាង ១០,១ពាន់លានដុល្លារ។

ការនាំចេញដ៏ច្រើនសន្ធឹកនេះបានធ្វើឲ្យ BMW ក្លាយ​ជាក្រុមហ៊ុនដែលនាំចេញរថយន្តពីសហរដ្ឋអាមេរិកបានច្រើនជាងគេ ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រខាងលើនេះមានផលិតរថយន្ត X3, X4, X5, X6 និង X7 ផងដែរ ដែលរថយន្តទាំងនេះបាននាំចេញទៅកាន់ប្រទេសចំនួន១២០ នៅជុំវិញពិភពលោក ដែលការនាំចេញមួយចំណែកធំគឺចេញតាមរយៈផែនៃ Charleston ដោយមានរថយន្តជិត ២១៩ ០០០គ្រឿង បានចេញពីអាមេរិកតាមច្រកនេះ។

BMW បានបញ្ជាក់ថាប្រទេសដែលខ្លួននាំចេញទៅច្រើនជាងគេគឺប្រទេសចិន (២៤,១%), ប្រទេសអាល្លឺម៉ង់ (១២,៣%), កូរ៉េខាងត្បូង (៩,៤%), កាណាដា (៥,៦%) និងចក្រភពអង់គ្លេស (៥,៤%)។

គួរដឹងផងដែរថារោងចក្រ BMW អាចបង្កើតបានកំណត់ត្រាផលិតច្រើនមិនធ្លាប់មានកាលពីឆ្នាំ២០២១ ដោយអាចផលិតរថយន្តត្រកូល X បានសរុប ៤៣៣ ៨១០គ្រឿង ដែលក្នុងនោះមានរថយន្ត ១៧៩ ៨៤០គ្រឿង បានចេញលក់លើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម