[ទីផ្សារបរទេស] លោក Oliver Zipse បាននិយាយថា ម៉ាកយីហោ Bavarian និងកន្លែងផលិតរបស់វាបានត្រៀមរួចរាល់ហើយ និងកំពុងមានវឌ្ឍនភាពល្អក្នុងការផលិតរថយន្តអគ្គិសនី។ ជាលទ្ធផល ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មានគោលបំណងបង្កើតការងាររហូតដល់ ៦ ០០០នាក់ នៅឆ្នាំនេះ ដើម្បីរៀបចំសម្រាប់ការកើនឡើងនៃតម្រូវការសម្រាប់ម៉ូឌែលអគ្គិសនីទាំងអស់។ នេះបើយោងតាមប្រភព Autonews Europe ។
លោកបានមានប្រសាសន៍ថា “នោះហើយជាមូលហេតុដែលយើងនឹងបង្កើនកម្លាំងពលកម្មរបស់យើងរហូតដល់ ៥% នៅឆ្នាំនេះ” លោកបានបន្ថែមទៀតថាវិបត្តិ semiconductor បច្ចុប្បន្នគួរតែបាត់ទៅវិញនៅចុងឆ្នាំនេះ ដោយសារការវិនិយោគខ្លាំង។ លោកបន្តថា៖ «ខ្ញុំសង្ឃឹមថានៅចុងឆ្នាំនេះអ្វីៗនឹងវិលមករកភាពប្រក្រតីវិញ»។
មកទល់ពេលនេះ BMW បានលក់រថយន្តអគ្គិសនីបានជាង ១លានគ្រឿង រួមទាំងរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត Hybrid ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មានបំណងសម្រេចបានការលក់រថយន្តអគ្គិសនីចំនួន ២ លានគ្រឿងនៅឆ្នាំ ២០២៥ ខាងមុខនេះ ។ សម្រាប់ការទាក់ទងនឹងម៉ូដែលអគ្គិសនីដែលមានស្រាប់ លោក Oliver Zipse បាននិយាយថាតម្រូវការអតិថិជនគឺខ្ពស់ណាស់៖ “រថយន្ត BMW i4 របស់យើងត្រូវបានលក់អស់ជាច្រើនខែហើយ BMW iX ក៏ដូចគ្នាដែរ”។ គេរំពឹងថា ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ ត្រៀមនឹងចេញលក់រថយន្តស៊េរីទំនើប 7-Series អគ្គិសនីនៅឆ្នាំនេះ។
បច្ចុប្បន្ននេះ ផលិតផលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BMW នៅសហរដ្ឋអាមេរិកមាន ៦ ម៉ូឌែល រួមមាន iX និង i4 ជារថយន្តអគ្គិសនីសុទ្ធ ខណៈដែល X5 xDrive45e, 330e, 530e និង 745e គឺជាប្រភេទ Plug-in hybrid ។ ហើយរថយន្ត 330e មានតម្លៃថោកបំផុតក្នុងជួរនេះ ជាមួយនឹងតម្លៃចាប់ពី ៤២ ៩៥០ ដល្លារ, i4 eDrive40 ចាប់ពី ៥៥ ៤០០ ដុល្លារ ខណៈពេលដែល i4 M50 ឡើងដល់ ៦៥ ៩០០ ដុល្លារ និងម៉ូឌែល iX SUV រថយន្តមានតម្លៃចាប់ពី ៨៣ ២០០ ដុល្លារ ៕
ប្រភព៖ Zingnews.vn