[ទីផ្សារបរទេស] BMW បានប្រកាសអំពីផែនការប្រកាសចេញរថយន្ត i7 ពាសដែក ដែលគ្រោងនឹងប្រកាសចេញនៅឆ្នាំក្រោយនេះ ហើយសន្យាថានឹងផ្ដល់ជូនការការពារបែបថ្មី និងមិនត្រូវលះបង់ប្រណីតភាពដើម្បីទទួលការការពារនេះឡើយ។
ប្រធានក្រុមហ៊ុន BMW លោក Oliver Zipse និយាយថាក្រុមហ៊ុននឹងបង្ហាញចេញរថយន្តអគ្គិសនីសុទ្ធដែលផ្ដល់សុវត្ថិភាពខ្ពស់ជាលើកដំបូង ហើយរថយន្តថ្មីនេះនឹងជាការបង្ហាញថាប្រណីតភាព និងសុវត្ថិភាពអាចដើរទន្ទឹមគ្នាតាមរបៀបណា។
ចម្ងល់មួយចំនួននៅមិនទាន់បកស្រាយនៅឡើយទេ ប៉ុន្តែរថយន្ត i7 xDrive60 មានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះដែលអាចផលិតកម្លាំងបានសរុប ៥៣៦សេះ។ កម្លាំងនេះអាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលប្រមាណ ៤,៥វិនាទី និងមានចម្ងាយបើកបរប៉ាន់ស្មានប្រមាណ ៤៨៣គីឡូម៉ែត្រ។
រង់ចាំមើលថាតើរថយន្ត BMW i7 ពាសដែក នឹងជះឥទ្ធិពលដល់ចម្ងាយបើកបរកម្រិតណា ប៉ុន្តែអ្វីដែលមិនមែនជារឿងគួរព្រួយបារម្ភនោះគឺកម្រិតសុវត្ថិភាពនៃរថយន្តព្រោះថា BMW មានបទពិសោធន៍ច្រើនឆ្នាំមកហើយជាមួយសុវត្ថិភាពនេះ។
កន្លងមករថយន្តពាសដែករបស់ BMW គឺស្ថិតនៅកម្រិត VR6 និង VR7 ដោយជាមួយរថយន្ត X5 កម្រិត VR6 មានពាសដែកលើគ្រោងឆ្អឹង, មានកញ្ចក់ការពារគ្រាប់កម្រាស់ ៣៣ម.ម ហើយវាមានធុងសាំងដែលអាចធន់នឹងការធ្លុះបានផងដែរ៕