BMW ព្រមានថាការផ្គត់ផ្គង់បន្ទះឈីប អាចនៅមានកម្រិតទាបខ្លាំង រហូតដល់ពាក់កណ្តាលឆ្នាំ២០២១

នៅពេលដែលបញ្ហាកង្វះបន្ទះឈីបអេឡិចត្រូនិកកំពុងកើនឡើង ក្តីសង្ឃឹមថានឹងមានដំណោះស្រាយឲ្យបានលឿនចំពោះបញ្ហានេះ ក៏កំពុងតែថមថយ។ ពេលនេះក្រុមហ៊ុន BMW ប្រាប់ថា ខ្លួនរំពឹងថានឹងនៅតែខ្វះបន្ទះឈីបរហូតដល់ពាក់កណ្តាលឆ្នាំនេះ។

លោក Milan Nedeljkovic ប្រធានផ្នែកផលិតរថយន្ត BMW បានប្រាប់អ្នកសារព័ត៌មាននៅឯព្រឹត្តិការណ៍មួយថា “ការផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិច កំពុងតែនៅមានកម្រិតទាបខ្លាំងណាស់”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានមើលឃើញពីការកើនឡើងនៃការលក់យ៉ាងខ្លាំង តាមរយៈពីរត្រីមាសដំបូងនៃឆ្នាំ ២០២១ ដោយសារតែតម្រូវការបានផ្ទុះឡើងនៅលើទីផ្សារ បន្ទាប់ពីការបន្ធូរបន្ថយនៃការរឹតត្បិតលើជំងឺកូវីដ១៩។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការផ្គត់ផ្គង់កំពុងធ្លាក់ចុះ ខណៈដែលឈ្មួញកំពុងតែអស់រថយន្តថ្មីដើម្បីជំនួសកន្លែងរថយន្តដែលពួកគេបានលក់។

ឈ្មួញចែកចាយរថយន្តទូទាំងសហរដ្ឋអាមេរិកបានរាយការណ៍ថា អតិថិជនកំពុងចូលមកទិញរថយន្តថ្មីដោយមិនចាំបាច់ចរចា ហើយសូម្បីតែរថយន្តដែលមានតម្រូវការទាបក៏លក់បានច្រើនជាងមុនដែរ។

លោក Nedeljkovic បានប្រាប់អ្នកសារព័ត៌មានថា មកទល់ពេលនេះ BMW ខាតការផលិតរថយន្តប្រមាណ ៣០ ០០០ គ្រឿង ហើយបាននិយាយថា ការខាតបង់ក៏អាចកើតមានផងដែរសម្រាប់ឆមាសទី២ នៃឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម