BMW បានប្រកាសពីការលក់រថយន្តមានប្រើថាមពលអគ្គិសនីបានចំនួន ៥០០ ០០០ គ្រឿងនៅទូទាំងពិភពលោក ហើយរថយន្តទី ៥០ ម៉ឺនគ្រឿងគឺជាម៉ូដែល BMW 330e ដែលបានដឹកជញ្ជូនទៅដល់ម្ចាស់របស់វានៅប្រទេសអាល្លឺម៉ង់។
ដោយសារវាជារថយន្តដែលតំណាងឲ្យការឈានដល់ដំណាក់កាលដ៏អស្ចារ្យថ្មីមួយនោះ ទើបសោនៃរថយន្តត្រូវបានប្រគល់ជូនម្ចាស់ដោយលោក Sebastian Mackensen ប្រធានផ្នែកលក់របស់ BMW ផ្ទាល់តែម្ដង។
លោក Oliver Zipse ជាប្រធាន BMW បាននិយាយថា ៖ “យើងបានធ្វើការបោះពួយយ៉ាងលឿន យើងបានកំណត់គោលដៅថាចង់ឲ្យមានរថយន្តប្រើថាមពលអគ្គិសនីចំនួន ១ លានគ្រឿងរត់លើដងផ្លូវនៅក្នុងពេល ២ ឆ្នាំខាងមុខ។”
ដើម្បីសម្រេចគោលដៅនេះ BMW នឹងបញ្ចេញលក់រថយន្ត BMW iX3 នៅឆ្នាំក្រោយជារថយន្ត SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងបន្ទាប់មកគឺបញញចេញ iNEXT និង i4 នៅឆ្នាំ ២០២១៕