រថយន្ត Bugatti ម៉ូដែលថ្មីបានបង្ហាញមុខមាត់ជាផ្លូវការដែលវាជាសែស្រឡាយជាមួយម៉ូដែល Chiron មានឈ្មោះថា Bugatti Chiron Pur Sport។
រថយន្តថ្មីនេះមិនមានការផ្លាស់ប្ដូររូបរាងខ្លាំងឡើយ ប៉ុន្តែគេបានកែសម្រួលលក្ខណៈសម្បត្តិនៃម៉ាស៊ីនចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧៩ សេះ ឲ្យមានល្បឿនរង្វិលជុំដល់ ៦៩០០ ជុំក្នុងមួយនាទី ដែលខ្ពស់ជាងមុន ២០០ ជុំក្នុងមួយនាទី។
ចំពោះផ្នែកហ្វ្រាំងក៏មានការប្រែប្រួលខ្លះដែរ ដោយ Bugatti បានងាយមកប្រើស្បែកហ្វ្រាំងប្រភេទទីតាញ៉ូមថ្មី ធ្វើឲ្យរថយន្ត Chiron Pur Sport នេះ មានទម្ងន់ស្រាលជាង Chiron ធម្មតាប្រមាណ ១៩ គីឡូក្រាម។
គួរដឹងថា Bugatti នឹងផលិតរថយន្ត Chiron Pur Sport នេះត្រឹម ១៦ គ្រឿងប៉ុណ្ណោះ ដែលនឹងចាប់ផ្ដើមផលិតពីពាក់កណ្ដាលឆ្នាំ ២០២០ នេះ ហើយមួយគ្រឿងនឹងមានតម្លៃប្រមាណ ៣,៥៥ លានដុល្លារ មិនទាន់គិតបញ្ចូលអត្រាពន្ធ៕