បន្ទាប់ពីមានពាក្យចចាមអារាម និងការប៉ាន់ស្មានជាច្រើនខែមក ក្រុមហ៊ុន Volkswagen Group បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនBugatti និង Rimac កំពុងតែចាប់ដៃគ្នាហើយ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុនទាំងពីរខាងលើកំពុងបង្កើតការបណ្តាក់ទុនរួមគ្នាថ្មីមួយ ដែលគេហៅថា Bugatti-Rimac។ វានឹងមានមូលដ្ឋាននៅទីក្រុង Zagreb ប្រទេសក្រូអាត ហើយគ្រោងនឹងបង្កើតឡើងនៅត្រីមាសទី៤ នៃឆ្នាំ ២០២១ នេះតែម្តង។
យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Rimac នឹងក្លាយជាអ្នកគ្រប់គ្រង ព្រោះថាពួកគេនឹងមានភាគហ៊ុន ៥៥ ភាគរយ នៅក្នុងការបណ្តាក់ទុនរួមគ្នាខាងលើ ខណៈក្រុមហ៊ុន Bugatti នឹងកាន់កាប់ភាគហ៊ុនចំនួន ៤៥ ភាគរយដែលនៅសល់។
ស្ថិតក្នុងជំហានដំបូង មិនមានការផ្លាស់ប្តូរច្រើនទេ ដោយក្រុមហ៊ុន Bugatti នឹងបន្តផលិតរថយន្ត Chiron ខណៈ Rimac នឹងចេញរថយន្ត Nevera ដដែល។ ទោះយ៉ាងណា រថយន្តម៉ាក Bugatti ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយ Rimac ត្រូវបានគេគ្រោងទុកសម្រាប់ពេលក្រោយទៀត៕