ក្រុមហ៊ុន Bugatti បានពង្រីកបណ្តាញអ្នកលក់រាយទូទាំងពិភពលោករបស់ខ្លួន ដោយបើកបន្ទប់តាំងបង្ហាញថ្មីមួយទៀត នៅក្នុងតំបន់ Minato City នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដំណើរការដោយក្រុមហ៊ុន Sky Group ដែលជាដៃគូលក់ផ្លូវការរបស់ពួកគេ។
Showroom ដែលបានបើកសម្ពោធកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នោះ គឺជាកន្លែងដំបូងគេមួយនៅលើពិភពលោក ដែលត្រូវបានរចនាឡើងជុំវិញអត្តសញ្ញាណចក្ខុថ្មី របស់ក្រុមហ៊ុន Bugatti។ ឈ្មោះ Bugatti ពណ៌ស ស្ថិតនៅលើផ្ទៃខាងក្រោយពណ៌ខ្មៅ ហើយបទពិសោធន៍ត្រូវបានពង្រឹងដោយការចាក់វីដេអូ ដែលបង្ហាញពីតម្លៃរបស់យីហោ។
មិនតែប៉ុណ្ណោះ បន្ទប់តាំងបង្ហាញ Bugatti Tokyo នោះក៏មានកន្លែងលំហែរកាយផងដែរ ហើយអតិថិជនអាចចូលទៅក្នុងពិភព Bugatti បន្ថែមទៀត ជាមួយកាតាឡុក, គំរូពណ៌ និងពូកស្បែក ដែលអាចត្រូវបានប្រើដើម្បី Customize រថយន្ត Bugatti ផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។
លោក Stephan Winkelmann ប្រធានក្រុមហ៊ុន Bugatti បានមានប្រសាសន៍ថា “ការមកដល់របស់ Bugatti នៅក្នុងទីផ្សារជប៉ុន គឺចំពេលវេលាយ៉ាងល្អសម្រាប់យើង ពីព្រោះអតិថិជនអាចរីករាយនឹងរថយន្ត Chiron នៅលើដងផ្លូវសាធារណៈរបស់ប្រទេសជប៉ុនបាន”៕