Bugatti ផលិតឡាន Chiron បាន៤០០គ្រឿងហើយ សល់តែ១០០គ្រឿងទៀតប៉ុណ្ណោះ

[ទីផ្សារបរទេស] រថយន្ត Chiron ទី៤០០គ្រឿង បានបង្ហាញវត្តមានជាមួយពណ៌បៃតង ជាការបញ្ជាក់ថា Bugatti បានផលិតរថយន្តម៉ូដែលនេះបានចំនួន ៨០% រួចមកហើយ នៅសល់តែ១០០គ្រឿងទៀតប៉ុណ្ណោះដែលត្រូវផលិត។

ពេលដែលប្រកាសចេញនៅឆ្នាំ២០១៦ ក្រុមហ៊ុន Bugatti និយាយថាខ្លួននឹងផលិតរថយន្ត Chiron ត្រឹម ៥០០គ្រឿងប៉ុណ្ណោះ ហើយកាលពីខែមករា ក្រុមហ៊ុនប្រកាសថាគ្រប់រថយន្តទាំងអស់បានរកម្ចាស់ឃើញអស់ទៅហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Chiron ទី៤០០គ្រឿង នេះ គឺជាប្រភេទ Chiron Super Sport និងត្រូវបានផលិតដោយក្រុមការងារចំនួន២០នាក់ ដែលពួកគេត្រូវផ្គុំបំណែកគ្រឿងបន្លាស់ប្រមាណ ១៨០០បំណែកបញ្ចូលគ្នា ដើម្បីបានជារថយន្តដ៏ពិសេសនេះឡើង។

មិនខុសពី Chiron Super Sports ដទៃទៀតនោះទេ រថយន្តនេះគឺប្រើម៉ាស៊ីន ១៦ស៊ីឡាំង ចំណុះ៨,០លីត្រ ប្រភេទ Quad-Turbo អាចផលិតកម្លាំងបាន ១៥៧៨សេះ។

Bugatti និយាយថាខ្លួននឹងចាប់ផ្ដើមការផលិតរថយន្ត Chiron ១០០គ្រឿងចុងក្រោយ ហើយបានបញ្ជាក់ថា Chiron នេះនឹងមិនមែនជាចុងបញ្ចប់នៃម៉ាស៊ីន W16 នោះទេ ដោយម៉ាស៊ីននេះនឹងត្រូវបញ្ចប់ជាមួយរថយន្ត Mistral និងរថយន្ត Bolide ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម